រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េ បន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងជួយគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការងារគយ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសាកល” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូនៃរដ្ឋបាល គយនៃប្រទេសចំនួន ៧៥ ព្រមទាំង អង្គការអន្តរជាតិ ផ្នែកឯកជន និងបណ្តាញអន្តរជាតិនៃសាកលវិទ្យាល័យគយ។
ក្នុងមតិចាប់ផ្តើមកម្មវិធី ឯកឧត្តម YOON Tae-Sik អគ្គនាយកនៃរដ្ឋបាលគយកូរ៉េ បានសម្តែងមតិស្វាគមន៍ និង រំលេចថា ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ ការអនុវត្តល្អនៃបច្ចេកវិទ្យាថ្មីៗ និង ពិភាក្សាពីបញ្ហាប្រឈមរួមនៃសហគមន៍គយអន្តរជាតិ។
ក្នុងសុន្ទរកថាបើក ឯកឧត្តម HAN Duksoo នាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋកូរ៉េ បានសម្តែងការស្វាគមន៍ដល់ភ្ញៀវកិត្តិយស និងអបអរសាទរចំពោះរដ្ឋបាលគយកូរ៉េដែល រៀបចំកម្មវិធីនេះឡើង ហើយបានជម្រាបជូនអង្គពិធីថា កម្មវិធីនេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃរដ្ឋបាលគយ ក្នុង ការចូលរួមផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងចែករំលែកចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងការកំណត់យុទ្ធសាស្រ្ត ដើម្បី ជំរុញការអនុវត្តឌីជីថលគយ ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងបរិយាកាសពាណិជ្ជកម្មអន្តរជាតិដែលបាន ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តម Kunio Mikuriya អគ្គលេខាធិការនៃអង្គការគយពិភពលោក ក៏បានថ្លែងកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយកូរ៉េ និងគាំទ្រទាំងស្រុង ចំពោះការរៀបចំកម្មវិធីនេះឡើង។
កម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ បានដំណើរការតាមរបៀបវារៈចំនួន ៦ រួមមាន៖ (១) កិច្ចប្រជុំតុមូល កម្រិតថ្នាក់ដឹកនាំ (២)សិក្ខាសាលាចំនួន ៨ ដែលគ្របដណ្តប់លើការងារ៖ ក.កិច្ចសហប្រតិបត្តិការគយ និងឌីជីថល គយជាសាកល ខ. បច្ចេកវិទ្យាសម្រាប់នវានុវត្តន៍គយ គ.ទំនើបកម្មគយ ឃ.កិច្ចសម្រួលពាណិជ្ជកម្ម ង.ឧក្រិដ្ឋកម្ម ឆ្លងកាត់ព្រំដែនៈ ថ្នាំញៀន ច.ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនៈ បញ្ហាផ្សេងទៀត ឆ.បញ្ហាប្រឈមនៃពាណិជ្ជកម្ម អេឡិចត្រូនិច និងជ.ការផ្លាស់ប្តូរព័ត៌មាន (៣)ពិពណ៌បច្ចេកវិទ្យាគយ (៤)វេទិកាបច្ចេកវិទ្យាគយដោយវិស័យឯកជន (៥) កិច្ចប្រជុំធុរកិច្ច និង(៦) ទស្សនកិច្ចសិក្សា។
ថ្នាក់ដឹកនាំនៃកិច្ចប្រជុំតុមូលបានឯកភាពនិងអនុម័តសេចក្តីប្រកាស រួមស្តីពី “កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសាកល” ហើយនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំនេះ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាបានចូលរួមចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពី “កិច្ចសហប្រតិបត្តិការគយលើការបង្ក្រាបគ្រឿងញៀនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ផងដែរ។
ដោយឡែក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េ បានប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធ នឹងការងារគយ។
នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ព្រមទាំងឯកភាពគ្នារៀបចំសិក្ខាសាលាតាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ ជូនវិស័យឯកជន នាពេលឆាប់ៗខាងមុខ។
អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាយន្តការសម្រាប់បើកផ្លូវដល់ (១)ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត (២)ការចូលរួមចំណែក លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម (៣)ការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរនិងចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និង (៤)ការពង្រឹងកិច្ចសហការផ្តល់ជំនួយបច្ចេកទេសក្នុងការកសាង សមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ៕
