អបអរសាទរខួប២៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន ក៏ដូចជាសភាកម្ពុជាចូលជាសមាជិកអាយប៉ា (AIPA) ផងដែរ
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះជាខួប២៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន ហើយស្របពេលនោះដែរ សភានៃព្រះរាជាណាចក្រកម្ពុជាយើងក៏បានចូលជាសមាជិក អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA (30 មេសា ឆ្នាំ១៩៩៩-៣០ មេសា ឆ្នាំ២០២៣)។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងបន្តថា AIPA ជាដៃគូរដ៏សំខាន់របស់ ASEAN ដើម្បីសម្រេចចក្ខុវិស័យរួមរបស់ ASEAN ។ សភានៃព្រះរាជាណាចក្រកម្ពុជា ទើបតែបញ្ចប់ការរៀបចំ មហាសន្និបាត AIPA លើកទី៤៣ កាលពីខែ វិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ សភាកម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះដឹកនាំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី១ នៅឆ្នាំ២០០៤ ម្តង និងលើកទី២នៅឆ្នាំ២០១១។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា(AIPA ) មានឈ្មោះដើមថា អង្គការអន្តរសភាអាស៊ាន ហៅកាត់ថា (AIPO) ហើយក្រោយមកបានប្តូរជា AIPAវិញ៕
