សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល
ភ្នំពេញ៖ ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយ ផល ដែលតាំងពីឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស។ នេះជាប្រសាសន៍សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនា មហាជនទូទាំងប្រទេសឆ្ពោះ ទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣នាព្រឹកថ្ងៃទី ៣០ ខែមេសាឆ្នាំ២០២៣ នេះនៅវិមាន៧ មករា។ ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនា មហាជនទូទាំងប្រទេសនៅថ្ងៃនេះ មានការចូលរួមពីរចនាសម្ព័ន្ធគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈជំនាញទាំង៤ គណៈចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ រួមទាំងសមាសភាពពីអង្គការមហាជននានា មានសមាសភាពប្រមាណ ២០០០នាក់។
នាឱកាសនោះដែរឯ.ឧ ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានពីគោលបំណងនៃពិធីជំនួបនាពេលនេះ ព្រមទាំងប្រធានបទនៃបទបង្ហាញសំខាន់ៗដែលប្រព្រឹត្តទៅក្នុងកិច្ចប្រជុំរយៈពេល១ថ្ងៃពេញនេះ។
ឯ.ឧ ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ព័ន្ធរបស់គណៈចលនា មហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិ អារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនា មហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែល បានរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការរក្សាប្រៀបខ្លាំងនិងប្រៀបឈ្នះរបស់គណបក្ស ប្រជាជនកម្ពុជាលើការបោះឆ្នោតនាពេលកន្លងមក។
សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ «ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយ ផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុងក្នុងការដឹក នាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង ក៏ដូចជាការ រៀបចំកំណែទម្រង់ផ្សេងៗដើម្បីអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីកចម្រើន»។
ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកាទាំងអស់ បន្តចូលរួមធ្វើយ៉ាងណាឱ្យគណបក្ស ប្រជា ជនកម្ពុជានៅតែបន្តរក្សាប្រៀបឈ្នះនាពេលខាងមុន និងអាណត្តិបន្តបន្ទាប់ទៀត។
សូមជម្រាបថា ការជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅរយៈ ពេលមួយថ្ងៃពេញ និងមានការធ្វើបទបង្ហាញចំនួន ៣ ដែលនឹងផ្តល់ជាពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែម ទៅលើបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា, បទពិសោធក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិ អារម្មណ៍ និងការងារមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣៕ . សំរិត
