ដាក់កាលបរិច្ឆេទប្រកួតប៊ីយ៉ានារីលើវិញ្ញាសាLux98
ភ្នំពេញ៖ក្លឹបប៊ីយ៉ាLux98(Lux98 Billiards)បានប្រកាសពីការរៀបចំការប្រកួតកីឡាប៊ី
យ៉ានារីលើវិញ្ញាសា POOL
9-BALL ពានរង្វាន់ Lux98 (LUX98-POOL 9-BALL Women 2024) ជាលើកដំបូង។
ការប្រកួតគ្រោងដំណើរការប្រកួតនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ាLux98បានគូសបញ្ជាក់ថានេះជាព្រឹត្តិការណ៍ពិសេសមួយដែលជាការប្រកួតប៊ីយ៉ានារីដំបូងគេនៅម្ពុជាធ្វើឡើងនៅក្លឹបLux98 Billiardsក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យ
មានការចូលរួម និងការយល់ដឹងពីតួនាទីរបស់ស្ត្រី ក្នុងវិស័យកីឡាក៏ដូចជាមានឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាប៊ីយ៉ាជាមួយសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាឱ្យកាន់តែរីក
ចម្រើន។
ម្ចាស់ក្លិបរូបនេះបានសង្កត់ធ្ងន់ថាយើងមានមោទនភាពនិងរំភើបជាខ្លាំងចំពោះព្រឹត្តិការណ៍នេះ ក្នុងគោលបំណងសំខាន់ គឺបង្កើតជាឆាកមួយដែលអត្តពលិកនារីអាចបង្ហាញពីជំនាញ និងចំណង់ចំណូលចិត្តរបស់ពួកគេប្រកបដោយមោទនភាពហើយក៏ជាឱកាសដ៏ល្អមួយមិនត្រឹមតែដើម្បីតែការអបអរសាទរទេពកោសល្យនារីប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីបំផុសគំនិតអ្នកដទៃឱ្យបានចេញមកចូលរួម។
ព្រឹត្តិការណ៍កីឡានេះត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីជួយឱ្យកីឡាការិនីទទួលបានបទពិសោធន៍នៃបរិយាកាសការប្រកួត និងបង្កើតកន្លែងប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញ។ ការប្រកួតនឹងបើកការចុះឈ្មោះសម្រាប់អ្នកលេងប៊ីយ៉ាជានារីមកពីទូទាំងប្រទេសដែលផ្តល់ឱកាសឱ្យពួកគេមិនត្រឹមតែប្រកួតប្រជែងប៉ុណ្ណោះទេថែមទាំងមានឱកាសភ្ជាប់ទំនាក់ទំនងនិងស្វែងយល់ពីគ្នាទៅវិញទៅមកផងដែរ។
ក្លឹបLux98 Billiardsសង្ឃឹមថានឹងនាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់
អ្នកលេងនិងអ្នកទស្សនាដែលមានបំណងចង់ឱ្យមានការត្រួសត្រាយលើការប្រកួតកីឡាប៊ីយ៉ានារីក្នុងជំនាញវិជ្ជាជីវៈដោយការប្រកួតនេះមានប្រាក់រង្វាន់សរុបជាង៣លានរៀលអមជាមួយពានរង្វាន់ និងមេដាយទៀតផង៕