ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងពីឥទ្ធិពលព្យុះណូលមកលើកម្ពុជាចាប់ពីថ្ងៃទី២៤ដល់ទី២៩ខែកក្កដាឆ្នាំ២០២៦
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល (Noul) ដែលបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
ព្យុះនេះនឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះ ណូល នេះទេ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានការប្រែប្រួល។ ចំពោះតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។
ចំណែកឯតំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៧០%។ សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៧០% ផងដែរ។ លើសពីនេះ រលកសមុទ្រនឹងបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
យោងលើការព្យាករណ៍ខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕
