ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស វត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ 

23

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។

  ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧កក្កដាឆ្នាំ២០២៦នេះ នៅបរិវេណវត្តច័ន្ទបុរីវង្សរបស់សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

  សម្រាប់១៥១វត្ត និងសាលាបុណ្យ៥កន្លែងក្នុងរាជធានីភ្នំពេញឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានទាំងក្នុងមួយវត្តនិងសាលាបុណ្យនីមួយៗ មានបច្ច័យ៣០ម៉ឺនរៀល,ទៀនព្រះវស្សា

១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស១បា ស្មើ២៥គីឡូក្រាម,ទឹកដោះគោខាប់១កេសស្មើ៤៨កំប៉ុង,ទឹកក្រូច៥កេស,ទឹកសុទ្ធ៥កេស, មី៥កេស,ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុងផងដែរ។

   គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។

ជាទំនៀមទំលាប់ ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។

ក្នុងឱកាសនោះសម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជាបានជូនពរសព្ទសាធុការដល់ ឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង កូនៗព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង