ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CMAC រកឃើញនិងកម្ទេចគ្រាប់យុទ្ធភណ្ឌរបស់ទាហានថៃឈ្លានពានលើកម្ពុជាជាង៨៤០០គ្រាប់ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦

9

ភ្នំពេញអង្គភាពសកម្មភាពមីនកម្ពុជា (CMAC) បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន សម្រាប់រយៈពេល ៦ ខែ ដើមឆ្នាំ២០២៦ (មករា-មិថុនា)។ 

ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា អង្គភាពបានសម្រេចការងារជាច្រើន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងរយៈពេលនេះ CMAC បានរៀបចំការងារផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះបានចំនួន ១៤ ៤៧៧ លើក ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១ ៣៧៤ ៨៨៧ នាក់។ 

ជាមួយគ្នានេះ ការងារស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ក៏ត្រូវបានដំណើរការនៅតាមបណ្តាខេត្តចំនួន ៧ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកោះកុង ក្នុង ២២ ស្រុក ស្មើនឹង ៦០ ឃុំ/សង្កាត់ និង ៣៣៥ ភូមិ។

ជាលទ្ធផល អង្គភាពបានកំណត់ត្រាទីតាំងទម្លាក់គ្រាប់បែកចំនួន ២៦៥ ពហុកោណ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ ៤ ៨២៩ ហិកតា។ ទីតាំងគ្រាប់បែកចង្កោមមានចំនួន ៣ ៨៥៨ ពហុកោណ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ ២៦២ ៥០៦ ហិកតា ដោយប៉ាន់ស្មានថាមានគ្រាប់បែកចង្កោមប្រមាណ ១២០ ០០០ ទៅ ១៣០ ០០០ គ្រាប់ និងកូនគ្រាប់បែកចង្កោមប្រមាណ ៦ ទៅ ៧ លានគ្រាប់។ សរុបរួម CMAC បានកំណត់អត្តសញ្ញាណទីតាំងរងផលប៉ះពាល់ចំនួន ៥ ៣៤៨ កន្លែង ស្មើនឹងផ្ទៃដី ៣៨៧ ២០៦ ហិកតា ជាមួយនឹងភស្តុតាងជាក់ស្តែងជាង ១៨ ៥០០ ភស្តុតាង។

បន្ថែមពីនេះ CMAC បានបោសសម្អាតរំដោះផ្ទៃដីអាទិភាពសម្រាប់គាំទ្រជនភៀសសឹកវិលត្រឡប់ទៅលំនៅដ្ឋានវិញបានចំនួន ៥ ៩១១ ខ្នងផ្ទះ ស្មើនឹងផ្ទៃដីជិត ១ ៤៥៥ ហិកតា រួមទាំងសាលារៀន ៨៧ ខ្នង មណ្ឌលសុខភាព ២០ កន្លែង វត្តអារាម ៦ វត្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ១១៤ កន្លែង។ 

ក្នុងប្រតិបត្តិការទាំងនេះ អង្គភាពបានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង ៨ ៤០០ គ្រាប់ ដែលក្នុងនោះមានគ្រាប់បែកចង្កោមចំនួន ៤ ៤៣៦ គ្រាប់។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងលើកកម្ពស់សុវត្ថិភាពជីវិតប្រជាពលរដ្ឋនៅតំបន់រងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង