ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖បញ្ជាឲ្យតាមចាប់មនុស្សមួយក្រុមរហ័សនាម «ខ្លារបស់មេ០៧» ដោយគ្មានការលើកលែងឡើយក្រោយដេញទាត់ធាក់យុវជនម្នាក់រហូតប្រកាច់
ភ្នំពេញ៖ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់មនុស្សមួយក្រុមដែលមានរហ័សនាម «ខ្លារបស់មេ០៧» ក្រោយពួកគេបានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើយុវជន២នាក់ ក្នុងចំណោម២នាក់ ដោយបើកម៉ូតូដេញតាមទាត់ធាក់រហូតប្រកាច់។
វីដេអូនៃអំពើហិង្សានេះ ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គម អមដោយសាររិៈគន់ និងការថ្កោលទោសយ៉ាងខ្លាំង ហើយទទូចឲ្យថ្នាក់ដឹកនាំចាត់វិធានការតាមច្បាប់ដោយមិនលើកលែងនោះឡើយ ចំពោះក្រុមជនបង្ក។
ហេតុការណ៍មួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅ វេលាម៉ោងជាង១យប់ឈានចូល ថ្ងៃ ទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ព្រះនរោត្តម សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន។
ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះថា លោកបានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវ និងតាមចាប់ក្រុមខ្លាទាំងនេះ ទាំងមេ និងកូនខ្លា ដោយមិនលើកលែងនោះទេ ពីព្រោះជាអំពើខុសច្បាប់ទាំងស្រុង។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅវេលាម៉ោងជាង ១រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែកក្កដា ជនស៉ីវិល មួយ ក្រុម តាំងខ្លួនជាខ្លា បានជិះ ម៉ូតូ ប្រដេញ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ហូតឈានដល់ការ ធាក់ផ្ដួលរួមតាំងប្រើហិង្សា វាយ ទៅលើយុវជន ម្នាក់ក្នុងចំណោមគ្នាពីរនាក់បណ្ដាលឲ្យរងរបួសរហូតដល់ប្រកាច ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមខ្លាបានម្នាក់ តែបានដោះលែងទៅវិញ។ នៅពេលនេះ ក្រោយវីដេអូនៃអំពើហិង្សាត្រូវបានចែកចាយ និងដឹងដល់ស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្ដមបានដាក់បទ បញ្ជាឲ្យតាមចាប់ក្រុមនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
