សហរដ្ឋអាមេរិកអះអាងថាអាចរក្សាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ដោយគ្មានពេលវេលាកំណត់
ប៉ាណាម៉ា ស៊ីធី៖សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាខ្លួនអាចបន្តរក្សាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ដោយគ្មានពេលវេលាកំណត់ ហើយនឹងបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើតេហេរ៉ង់ ខណៈកិច្ចចរចាលើបទឈប់បាញ់ហាក់កាន់តែមានភាពស្មុគស្មាញ នៅចំពោះមុខការផ្គត់ផ្គង់ប្រេងសកលធ្លាក់ចុះ ហើយភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់ក្រុមអ្នកសារព័ត៌មានថាយោធាអាមេរិកមានសមត្ថភាពបន្តរក្សាវត្តមានកងទ័ពជើងទឹកក្នុងតំបន់ ដើម្បីអនុវត្តការបិទខ្ទប់ប្រឆាំងអ៉ីរ៉ង់ដែលនឹងបង្កការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរលើប្រទេសមួយនេះ។ «សហរដ្ឋអាមេរិកអាចបន្តរក្សាការបិទខ្ទប់ដូចសព្វថ្ងៃពីព្រោះយើងអាចផ្លាស់ប្ដូរនាវាចម្បាំងចេញចូលដើម្បីអាចបន្តអនុវត្តការបិទខ្ទប់ ដោយគ្មានការកំណត់ពេលវេលា»។ នេះជាការគូសបញ្ជាក់របស់លោក Pete Hegseth ប្រាប់ក្រុមអ្នកសារព័ត៌មាននាឱកាសបំពេញទស្សនកិច្ចមួយទៅកាន់ប្រទេសប៉ាណាម៉ា។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បាននិយាយដែរថាសហរដ្ឋអាមេរិកមានគម្រោងដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមលើអ៉ីរ៉ង់ ដើម្បីធ្វើឱ្យពួកគេឯកោសេដ្ឋកិច្ចដែលគេមិនធ្លាប់បានឃើញពីមុនមក។ ការព្រមាននេះដែរកើតមានឡើងចំពេលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អះអាងរៀងៗពីការគ្រប់គ្រងលើច្រកសមុទ្រ Hormuz៕
