សម្តេចតេជោហ៊ុនសែន៖ត្រូវតែចាត់វិធានការលើបុគ្គលជេរប្រមាថលើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជាមិនត្រូវលើកលែង, ករណីស្ត្រីជេរកងទ័ពមិនអាចព្រងើយកន្តើយឡើយ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ព្រមានត្រូវតែចាត់វិធានការម៉ឺងម៉ាត់លើបុគ្គលទាំងឡាយណា ដែលជេរប្រមាថលើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជា មិនត្រូវលើកលែង។ ជាក់ស្ដែង ករណីស្ត្រីអ្នកលក់ទូរស័ព្ទម្នាក់ ដែលបានជេរប្រមាថទៅលើកងទ័ពជួរមុខ ក៏មិនអាចព្រងើយកន្តើយបាននោះឡើយ។
ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ទង្វើបែបនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃសង្គម និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយកាន់តែមិនសមកើតមកជាមនុស្សជាតិថែមទៀត ដែលប្រើប្រាស់ពាក្យសម្ដីជេរប្រមាថគ្នាបែបនេះ នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ស្ថាប័នតុលាការចាត់វិធានការដោយម៉ឹងមាត់លើសំណុំរឿងអសីលធម៌លើបណ្តាញសង្គម។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា សម្តេចហ៊ានអនុវត្តន៍វិធានការច្បាប់មនុស្សមួយចំនួន ហើយនេះក៏មិនមែនជារឿងផ្ដាច់ការ ឬបិទសិទ្ធិអ្វីនោះទេ ពោលគឺដើម្បីការពារមនុស្សរាប់លាននាក់ និងដើម្បីជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិដែលមិនអាចឲ្យអ្នកណាបំផ្លាញបានឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវលើកទី១ធ្វើកិច្ចសន្យា បើសិនមិនរៀងចាលចាត់ការតាមផ្លូវច្បាប់។ ខ្ញុំធ្លាប់និយាយ ខ្ញុំអាច ខ្ញុំហ៊ានកម្ចាត់មនុស្សខ្លះចោល ដើម្បីការពារមនុស្សរាប់លាននាក់ មិនមែនកម្ចាត់តាមរយៈការសម្លាប់ចោលទេ ប៉ុន្ដែយើងហ៊ានធ្វើជាមួយមនុស្សប៉ុន្មាននាក់ ដើម្បីការពារមនុស្សរាប់លាននាក់ នេះជាបញ្ហាសង្គមស្អប់ខ្ពើម។ នេះមិនមែនជាការបិទសិទ្ធិ ប៉ុន្ដែជាការការពារជាតិ សេចក្ដីថ្លៃថ្នូររបស់ជាតិ ការជេរបញ្ចោរមិនមែនខ្មែរ គឺជាទមិ្មឡ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងកិច្ចការនារី ត្រូវធ្វើជាដើមបណ្ដឹងចំពោះការជេរប្រមាថគ្នា ដើម្បីប្ដឹងទៅកាន់ស្ថាប័នតុលាការ ហើយសម្ដេចស្នើស្ថាប័នតុលាការជួយចាត់វិធានការលើបណ្ដឹងនេះដូចគ្នា ដើម្បីលើកកម្ពស់តម្លៃសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមកម្ពុជា។ សម្ដេចបានចាត់ទុកថា នេះជាការរំលោភសីលធម៌សង្គម ពីសំណាក់ជនទាំងឡាយណាដែលបំផ្លាញសេចក្ដីថ្លៃថ្នូរ។
ដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះទៅ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបង្កើតក្រុមការងារមួយដើម្បីតាមដានករណីទាំងអស់នេះ។ សម្ដេចណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ពិភាក្សាគ្នាជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ក្រសួងព័ត៌មាន ក្រសួងវប ្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យតាមដាន និងការពារសេចក្ដីថ្លៃថ្នូរ ព្រមទាំងលើកកម្ពស់សីលធម៌ស្ដ្រីខ្មែរ៕
