ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិន មានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ហើយគាំទ្រ ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងមានវិធានការទៅលើជនល្មើស

115

ពាក់ព័ន្ធនឹងករណីលោកអគារនៅខេត្តព្រះសីហនុ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩
បានចេញសេចក្តីប្រកាសព័ត៌មានថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង អំពីឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ ហើយភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុង ចំពោះភាគីកម្ពុជា ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ទៅលើជនល្មើសទាំងឡាយ ដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។

នៅពេលទៀបភ្លឺថ្ងៃទី២២ ខែមិថុនា អគារដែលទទួលសាងសង់ ដោយជនជាតិចិន នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានជួបឧបទ្ទេវហេតុបាក់រលំ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ស្ថានទូតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយជាពន់ពេក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជិវិត បានទៅកាន់សុគតិភព សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពផង។ ជាមួយគ្នានេះដែរ សូមជូនពរឲ្យជនរងគ្រោះ ដែលកំពុងទទួលការព្យាបាល បានជាសះស្បើយក្នុងពេលឆាប់ៗ។
ក្រោយឧបទ្ទេវហេតុកើតឡើង ស្ថានទូតចិនប្រចាំកម្ពុជា បានទំនាក់ទំនងផ្ទាល់ ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិន នៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដេីម​ ចូលរួមក្នុងសកម្មភាពសង្រ្គោះ ឲ្យបានទាន់ពេល។ តាមដំណឹងទទួលបាន សភាពាណិជ្ជកម្មចិននៅកម្ពុជា មកទល់នឹងពេលនេះ កំពុងសម្របសម្រួលកិច្ចការសង្រ្គោះ ជាបន្តបន្ទាប់នៅទីនោះ។
បច្ចុប្បន្ន ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបានហើយ ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុង ចំពោះភាគីកម្ពុជា ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ទៅលើជនល្មើសទាំងឡាយ ដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ៕

អត្ថបទដែលជាប់ទាក់ទង