ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងព្រះចៅអធិការវត្តពោធិ៍ចិនតុង ដេកឱបស្រីស្នេហ៍ អាជ្ញាធរ និងមន្ដ្រីសង្ឃថាជារូបភាពកាត់តរបស់ជនខិលខូច មានបំណងបង្ខូចកេរ្តិ៍ឈ្មោះ

93

ភ្នំពេញ ៖ ក្រោយពីមានរូបថតជាច្រើនសន្លឹករបស់ព្រះចៅអធិការវត្តពោធិ៍ចិនតុង ដេកឱបស្រីស្នេហ៍យ៉ាងមានសេចក្តីសុខ ត្រូវគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនរិះគន់ជាខ្លាំងនោះ ព្រឹកនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរ និងមន្ដ្រីសង្ឃបានបើកការប្រជុំបន្ទាន់មួយ តែយ៉ាងណា សាមីខ្លួនទាំង២ និងមន្រ្តីសង្ឃបានអះអាងថា ជារូបភាពកាត់តរបស់ជនខិលខូច មានបំណងបង្ខូចកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា ជាអនុគណខណ្ឌពោធិ៍សែនជ័យ មានសង្ឃដីកាថា ការបើកកិច្ចប្រជុំនេះ ធ្វើឡើង ក្រោយពីមានរូបភាពមិនប្រក្រតី របស់ ភិក្ខុ វ៉ាន វន្នី ព្រះចៅអធិការវត្តពោធិសត្ថារាម ហៅពោធិ៍ចិនតុង និងនារីម្នាក់ ត្រូវបានគេបង្ហោះនៅលើហ្វេសប៊ុក។
ភិក្ខុ វាន វន្នី បានបដិសេធថា រូបភាពដែលបានបង្ហោះតាមហ្វេសប៊ុកនេះ មិនមែនជារូបពិតទេ គឺត្រូវបានជនខិលខូចកាត់ត ដើម្បីបង្អួចកិត្តិយសរបស់ព្រះអង្គ និងតម្លៃព្រះពុទ្ធសាសនា។
ចំណែក កញ្ញា លប ធីតា ជាម្ចាស់រូបដែលត្រូវបានគេបង្ហោះលើហ្វេសប៊ុក និងរងការចោទប្រកាន់ថា ជាស្រីស្នេហ៍របស់ ភិក្ខុ វ៉ាន វន្នី បានអះអាងថា នាងពុំមានទំនាក់ទំនង អ្វីជាមួយសង្ឃវ៉ាន វន្នី ទេ ហើយរូបថតទាំងនោះ គឺអ្នកដែលបង្ហោះនោះ មានចេតនាបរិហារកេរ្តិ៍បង្អួចកិត្តិយសនាង និងក្រុមគ្រួសារ។

ព្រះវិស្ព្វានុញាណ ផល ស្នា មានសង្ឃដីកាថា ជុំវិញការលើកឡើងរបស់សាមីខ្លួនទាំងពីរខាងលើនេះ គឺបញ្ជាក់ថា រូបថតដែលបង្ហោះនៅលើហ្វេសប៊ុកមិនមែនជាការពិតទេ គឺមានជន ឬក្រុមណាមួយ មានចេតនាបង្ហោះ ដើម្បីបំផ្លិចបំផ្លាញតម្លៃព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។
ចំណែកលោក ប្រាក់ ពិន ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌពោធិ៍សែនជ័យ ក៏ជឿថា រូបថតដែលគេបង្ហោះនៅលើហ្វេសប៊ុកនេះ ជារូបភាពកាត់តដែរ។

ជាមួយគ្នានេះដែរ ព្រះធម្មបញ្ញាមុនី ព្រះអនុគណស្តីទី បានអំពាវនាវសូមឲ្យព្រះមន្ត្រីសង្ឃខណ្ឌ ជួយផ្សព្វផ្សាយដល់ព្រះសង្ឃទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការលេងលើបណ្តាញសង្គមហ្វេសប៊ុក ដែលអាចធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃព្រះសង្ឃខ្មែរទាំងអស់ ជាពិសេសព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ទាំងសាមីខ្លួននៅលើរូបថតទាំង២ មន្ត្រីសង្ឃសុទ្ធតែបានអះអាងថា រូបថតរបស់ ភិក្ខុ វ៉ាន វន្លឺ ដេកឱបកញ្ញា លប ធីតា ដែលគេបង្ហោះនៅលើហ្វេសប៊ុកនោះ សុទ្ធជារូបភាពកាត់ត គ្មានការពិតឡើយ៕

អត្ថបទដែលជាប់ទាក់ទង