នគរបាលខេត្តព្រះសីហនុ ប្រជុំជាបន្ទាន់ ដើម្បីផ្សព្វផ្សាយប្រកាស ស្តីពីការបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីផ្សព្វ ផ្សាយប្រកាស ស្តីពីការបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងសេចក្ដីណែនាំស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋាន ឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន៍នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរងទទួលផែនជំនាញ ការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលក្រុង ស្រុក និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាល នានា ទូទាំងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំបន្ថែម សូមឲ្យអស់លោកទាំងអស់ ដែលមានភារកិច្ចគ្រប់គ្រងជនបរទេស ត្រូវយកចិត្តទុកដាក់អនុវត្តន៍តាមប្រកាសលេខ៥៦៧១ប្រក និង សេចក្ដីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវធ្វើស្ថិតិ គ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ មានសញ្ជាតិអ្វីខ្លះ? មានប័ណ្ណការងារ និង គ្មានប័ណ្ណប៉ុន្មាននាក់? និងមិនត្រូវចេញលិខិត ឬធ្វើការងារផ្សេងៗ ខុសពីប្រកាស និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចៀសវាងមានកំហុសទោសទណ្ឌទៅថ្ងៃក្រោយ ៕