ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិ និងផ្លូវក្នុងខេត្ត សរុប១៥ខ្សែ រងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្រសួងសាធារណការ នឹងជួសជុលផ្លូវឡើងវិញ ក្រោយពេលឥទ្ធិពលខ្យល់ព្យុះទី៩ រលាយបាត់

231


ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ​បានចេញសេចក្ដីជូនដំណឹងថា ដោយសារប្រទេសកម្ពុជា កំពុងទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះ សុន ទីញ បានបង្កឲ្យមានភ្លៀងធ្លាក់ជោកជាំ មានជំនន់ទឹកភ្លៀងជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន និងបានធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួន ត្រូវបានកាត់ផ្ដាច់ចរាចរណ៍ទាំងស្រុង ដូចជា កំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្ត លេខ១៣២ ជាដើម ហើយខ្សែផ្លូវជាតិ ផ្លូវខេត្ត មួយចំនួនទៀត ក៏ទទួលរងការខូចខាតស្រទាប់ផ្លូវផ្នែកផ្ទៃខាងលើផងដែរ ដូចជា កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេ ជាដើម កំពុងបង្កឲ្យមានការលំបាកក្នុងការធ្វើចរាចរ។

សេចក្ដីជូនដំណឹង ក្រសួងសាធារណការ ​និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសហការ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមក របស់បងប្អូន។

បន្ថែមលើសពីនេះទៅទៀត ក្រសួងនឹងចាប់ផ្ដើមជួសជុល និងស្ដារការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាបនេះ បានថយចុះទៅវិញ ដើម្បីធានាឲ្យមាននិរន្ដរភាពចរាចរណ៍ជាប្រក្រតី។

ក្រសួងក៏សុំការយោគយល់អធ្យាស្រ័យ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលមានការលំបាក ឬខកខាន ក្នុងការធ្វើដំណើរ ដោយឆ្លងកាត់កំណាត់ផ្លូវ ស្ពាន ដែលកំពុងរងការខូចខាត ហើយក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទុកជាមុន ចំពោះការចូលរួមសហការ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការជួសជុល និងស្ដារ ផ្លូវ ស្ពាន ដែលខូចខាតឡើងវិញ ៕​

អត្ថបទដែលជាប់ទាក់ទង