យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ
កំពង់ឆ្នាំង៖ក្រសួងអភិវឌ្ឍន៍ជនបទ ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដល់សិស្ស និងពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តសៀមរាប មុនបុណ្យអុំទូក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ និងឲ្យអ្នកដំណើរកាន់តែយល់ច្បាស់ ពីច្បាប់ចរាចរណ៍។
លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងកាលពីថ្ងៃ២៣ ខែតុលា ក្នុងយុទ្ធនាការនៅក្នុងខេត្តទាំង៣នោះថា យុទ្ធនាការនេះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍ និងជំរុញប្រជាពលរដ្ឋក្នុងសហគមន៍គ្រប់ៗ រូបគោរពច្បាប់ចរាចរណ៍ឱ្យខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរលើដងផ្លូវ និងបន្ដផ្សព្វផ្សាយជារឿយៗដល់សមាជិកគ្រួសារ កូនចៅ មិត្តភក្តិ និងអ្នកភូមិជាមួយគ្នា។ យុទ្ធនាការនេះជាផ្នែកមួយ នៃសកម្មភាពអាទិភាព របស់កម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍ នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ ដែលកំពុងចូលរួមចំណែកអនុវត្តស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ។
លោកបន្តថា ក្រៅពីសារអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ក្នុងកម្មវិធីនេះ ក្រុមការងារបានធ្វើការហែក្បួន គោយន្ត ម៉ូតូនិងកង់ កាត់តាមទីប្រជុំជន សាលារៀន វត្តអារាម និងភូមិប្រជាពលរដ្ឋ និងកន្លែងទីប្រជុំជន ដោយមានការផ្តល់សារអប់រំតាមរយៈឧបករណ៍បំពងសំឡេង ។ លោកថា តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងខេត្តខាងលើនេះ នឹងអាចរួមចំណែកក្នុងការកាត់បន្ថយ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរាជរដ្ឋាភិបាល បានកំណត់កាត់បន្ថយចំនួនអ្នកបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យបាន៥០%នាឆ្នាំ២០២១ខាងមុខ។
យោងតាមរបាយការណ៍ការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក៏បានបង្ហាញថា រយៈពេលត្រីមាសទី១ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៩១៦លើក បណ្តាលឱ្យមានជនរងគ្រោះដល់ជីវិតចំនួន៤៩៣នាក់ និងរបួសធ្ងន់ធ្ងរចំនួន៨៤៦នាក់។ ដូច្នេះដើម្បីរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈកិច្ចគាំទ្រជំនួយបច្ចេកទេស និងថវិកា អំពីដៃគូអភិវឌ្ឍន៍ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី
ទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង និងកម្មវិធីជំនួយអូស្ត្រាលី បានលើកកម្ពស់កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងតំបន់គម្រោងកែលម្អផ្លូវជនបទជំហាន២ ក្នុងខេត្តចំនួន១០ រួមមានកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងសៀមរាប ៕