ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿន រេចង្កូតបុករបាំងទ្រូងផ្លូវដ៏រឹងមាំចំនួន៣ផ្ទាំង

57

សៀមរាប៖ នៅវេលាម៉ោងប្រមាណជា ១១ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កដោយរថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿលឿន បានរេចង្កូតបុករបាំងថ្ម ពុះទ្រូងផ្លូវចំនួន ៣ផ្ទាំង តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរដទៃឡើយ។

តាមសម្ដីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឲ្យដឹងថា រថយន្តទំនើបនេះ បានបើកបរពីចំណុចផ្លូវសម្ដេចវិបុលបញ្ញាសុខអាន ឬផ្លូវ៦០ម៉ែត្រឆ្ពោះទៅកែងផ្លូវជាតិលេខ៦ (ស្តុបសណ្ឋាគារស្មាយលីង ) លុះមកដល់ចំនុចខាងមុខសណ្ឋាគារស្មាយលីង រថយន្តបានបត់ស្ដាំ ប៉ុន្តែដោយរថយន្តមានល្បឿនលឿន បានរេចង្កូតទៅបុកផ្ទាំងរបាំងថ្មពុះចែកទ្រូងផ្លូវតែម្ដង។

បើតាមមន្ត្រីសមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ សន្និដ្ឋានបឋមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពី រថយន្តជាប់ហ្គ៊ែរធ្វើឱ្យគ្រប់គ្រងល្បឿនមិនបាន។ បច្ចុប្បន្នរថយន្តខាងលើ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានក្រុងសៀមរាប ដើម្បីរងចាំការដោះស្រាយ។

គួរជម្រាបថា រថយន្តទំនើប មួយគ្រឿងនេះ ពាក់ស្លាកលេខ ភ្នំពេញ ២BA០១៦៩ មានម្ចាស់ឈ្មោះ យា ផល្លា ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសូរិយោដី ខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង