ក្រសួងសុខាភិបាល សម្រេចបិទKTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ
ភ្នំពេញ៖ ក្លឹបកម្សាន្ត រោងភាពយន្ត KTV និងសារមន្ទីរនៅទូទាំងប្រទេស ត្រូវបានបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃ៨វិច្ឆិកា២០២០នេះ ដើម្បីការពាការរីករាលដាលជំងឺកូវីដ-១៩។
ដោយយោងៈ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី -ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លិបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
លោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាអាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈ អភិបាលរាជធានី -ខេត្ត មេត្តាចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។ សូម ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការគោរពរាប់អាន ដ៏ស្មោះស្ម័គ្រពីខ្ញុំ៕