ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី២នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន

61

 

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសជប៉ុន។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង០២នាក់នោះ គឺ បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ អាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិរាំងដេកឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជ ធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិខ្មែរពីរនាក់ ពេលមកដល់កម្ពុជា បានធ្វើតេស្តលើកទី១ ដោយទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ដែលមានម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតបានជាសះស្បើយ។ រីឯ អ្នកដំណើរចំនួន ៣៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន ០២កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ២៨នាក់) និងនៅវិទ្យាល័យពោចិនតុងចំនួន ០៧នាក់។ ដូច្នេះ អ្នកដំណើរដែលនៅវិទ្យាល័យពោចិនតុងចំនួន ០៧នាក់ ដែលមាន ហានិភ័យក្នុងការចម្លងបន្តពីអ្នកជំងឺទាំងពីរនាក់ខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។

ក្រសួងសុខាភិបាលបន្តថា សម្រាប់ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៥២នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៩៤៤នាក់ សម្រាប់ថ្ងៃ ទី០៤ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុរស០១នាក់ ជាអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកជូនដល់អ្នក ដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផល តេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាព ធ្វើចត្តាឡីស័កដោយខ្លួនឯង) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្ដីការគណរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្តរក វីរុសកូវីដ-១៩ ចាប់ពីម៉ោង០៧:០០ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោមនេះ ៖

* លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី ៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ០៩នាក់ (ស្រី ០២នាក់ និងបុរស ០៧នាក់)៕

អត្ថបទដែលជាប់ទាក់ទង