ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយប្រតិភូហុងគ្រី ជាង ៩០០នាក់ ធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី២

70


(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយលោក ភីតធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងប្រតិភូ សរុបជាង ៩០០នាក់ ធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី២ ដើម្បីឱ្យមានភាពច្បាស់លាស់ថាមានឆ្លង ឬមិនឆ្លងជំងឺកូវីដ១៩។

ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ។ ដោយឡែកសម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានធ្វើតេស្តនៅតាមទីតាំងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃនេះ មនុស្សប្រមាណ ៦០០នាក់ហើយ បានយកសំណាកទៅធ្វើតេស្ត។ ការធ្វើតេស្ត នឹងធ្វើរហូតដល់ល្ងាចថ្ងៃដដែលនេះ។

សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ និងប្រតិភូរបស់លោក បានអញ្ជើញមកបំពេញទស្សនកិច្ចមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោកក៏បានអញ្ជើញទស្សនកិច្ចនៅប្រទេស។ ពេលទៅដល់ប្រទេសថៃ លោក ភីតធើ ស៊ីចាតូ បានរកឃើញថាមានជំងឺកូវីដ១៩។

ព័ត៌មាននៃការរកឃើញថា លោក ស៊ីចាតូ មានមេរោគកូវីដ១៩ បាននាំឱ្យមានការបារម្ភជាខ្លាំងសម្រាប់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងបន្ទាន់មួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះនៅក្នុងប្រទេសកម្ពុជា។

ទាំងសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រី សមាជិកសភា ប៉ះពាល់ផ្ទាល់មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក សួស យ៉ារ៉ា សមាជិកសភា ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក (នៅដាច់ដោយឡែក) រយៈពេល ១៤ថ្ងៃ។

ក្រៅពីសម្តេចតេជោ, រដ្ឋមន្ត្រី និងសមាជិកសភា ដែលប៉ះពាល់ផ្ទាល់នេះទៅ នៅមានមន្ត្រីរាជការ អតីតនិស្សិតសិក្សានៅហុងគ្រី អង្គរក្ស និងក្រុមអ្នកព័ត៌មានសរុបជាង ៩០០នាក់ ក៏ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។ ក្នុងនោះអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងមន្ត្រីក្នុងខេត្តមួយចំនួន ដែលបានប៉ះពាល់ជាមួយលោករដ្ឋមន្ត្រី វេង សាខុន នៅថ្ងៃទី០៤ ខែវិច្ឆិកា ក៏បានដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។

អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបានធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ លើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា កន្លងទៅរួចម្តងមកហើយ។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនេះ មានអង្គរក្សការពាររដ្ឋមន្ត្រីហុងគ្រី ១នាក់ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩នេះ។

ដោយឡែកអ្នកដទៃទៀត មានសុខភាពល្អជាធម្មតា រហូតមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា នៃការធ្វើតេស្តសុខភាពលើកទី២នេះ មិនទាន់មានរបាយការណ៍ពីការឆ្លង ឬកើតមេរោគកូវីដ១៩នោះទេ។

អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនេះ នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ចំនួនពីរលើកទៀត នៅថ្ងៃទី១៤ និង១៨ ខែវិច្ឆិកា ដើម្បីធានាថា ពួកគេនឹងមិនមានកើតមេរោគកូវីដ១៩។

រាជរដ្ឋាភិបាល បានសម្តេចផ្អាកការសិក្សានៅតាមសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ ដើម្បីធានាថា មិនមានការរីកសាយភាពនៃការឆ្លងជំងឺកូវីដ១៩ ក្នុងកំលុងពេលតាមដានសុខភាពអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយប្រតិភូហុងគ្រីនេះ។ រាជរដ្ឋាភិបាល ក៏បានបិទពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទនៅក្នុងពហុកីឡដ្ឋាននេះ។

បន្ថែមពីលើនោះរាជរដ្ឋាភិបាល ក៏បានសម្រេចបិទជាបណ្តោះអាសន្ននូវ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសផងដែរ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ០៩នាក់ (ស្រី ០២នាក់ និងបុរស ០៧នាក់)៕

អត្ថបទដែលជាប់ទាក់ទង