ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលម្នាក់ ដកកាំភ្លើងភ្ជង់ប្រពន្ធគេ ឲ្យស្រាតសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកព្នៅ ចាប់ខ្លួន

79

 

ភ្នំពេញ៖ ឃោរឃៅមែនមន្ត្រីនគរបាលម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គោករកា ខណ្ឌព្រែកព្នៅធ្វើការដេញតាមចាប់ខ្លួន ដកហូតបានរថយន្ត និងកាំភ្លើង ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្រពន្ធគេឲ្យស្រាតសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះនិងសមត្ថកិច្ចប្រើល្បិចធ្វើជាណាត់ជួបគ្នាហើយចាប់ខ្លួនកាលពីថ្ងៃទី១៤វិច្ឆិកានេះ ។

គួរបញ្ជាក់ថា៖ករណីនេះបានកើតឡើងកាលម៉ោង ១០ និង២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ជនសង្ស័យមានឈ្មោះ ខេម វណ្ណឌី អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ (ត្រូវបានចាប់ខ្លួនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០) ។ ចំណែកជនរងគ្រោះ មានអាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចឱ្យដឹងទៀតថា៖ចំណែកវត្ថុតាងដកហូតបានរួមមាន កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 និងទូរសព្ទម៉ាកស៊ាំស៊ុង ១គ្រឿង ។

ជនរងគ្រោះ ដែលបញ្ជាក់ប្រាប់សមត្ថកិច្ចបានឲ្យដឹងថា ៖មុនពេលកើតហេតុ ជនរងគ្រោះនិងប្តី បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធដែលជាជនរងគ្រោះនៅឈរចាំម៉ូតូនៅក្បែររបងប្រលោះចេញចូល ។ ចំណែកប្តីជាអ្នកចុះទៅដក ។ មួយសន្ទុះក្រោយក៏មានជនសង្ស័យខាងលើ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅមករកជនរងគ្រោះ ដោយសួរថាប្តីទៅណា? តែជនរងគ្រោះមិនតបនោះទេ រួចជនសង្ស័យក៏ពឹងជនរងគ្រោះឲ្យជួយបង្វែលក្បាលទូក នៅក្បែរនោះ តែជនរងគ្រោះបដិសេធ ជនរងគ្រោះក៏ដើរចេញមកក្រៅរបងថ្ម ហើយអើតមើលចូលជើងមួយចំហៀង ក៏ត្រូវបានជនសង្ស័យដកកាំភ្លើងម៉ាក ROLO មកភ្ជង់ដើមទ្រូង បង្ខំឲ្យជនរងគ្រោះស្រាតសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយជនរងគ្រោះក៏ប្រើល្បិចធ្វើជាសុំលេខទូរសព្ទជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយជនសង្ស័យក៏បានឲ្យរួចបានដើរទៅយកម៉ូតូជិះទៅទិសខាងកើតបាត់ ។
ក្រោយមកជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករកា ដោយសមត្ថកិច្ចបានសហការជាមួយជនរងគ្រោះ ប្រើល្បិចតេហៅជនសង្ស័យមកជួបជនរងគ្រោះម្តងទៀត នៅចំណុចផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ លុះជនសង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡា ស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះ ឈ្នះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ដកហូតបានទាំងវត្ថុតាងថែមទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង