រដ្ឋបាលខេត្តសៀមរាប បន្តអនុវត្តបំរាមគោចរពេលយប់ ១៤ថ្ងៃទៀត
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបន្តអនុវត្តបំរាមគោចរ និងការធ្វើអាជីវកម្មពេល យប់ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទាបភ្លឺ រយៈពេល ១៤ថ្ងៃបន្ថែមទៀត។ ពោលគឺបន្តវិធានការនេះរហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ការបន្តអនុវត្តវិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
គិតត្រឹមយប់ថ្ងៃទី២០ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៤នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៣៦នាក់ ស្លាប់ ២នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ការអនុវត្តវិធានការបំរាមគោចរនេះ ត្រូវបានដាក់ចេញកាលពីថ្ងៃទី១០ ខែមេសា កន្លងទៅ ហើយត្រូវបានបន្តពន្យារជាបន្តបន្ទាប់ ក្រោយស្ថានភាពការឆ្លង រីករាលដាលមិនទាន់ស្រាកស្រាន។
វិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញនេះ គឺផ្អាកជាបណ្តោះអាសន្ននូវ សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។
វិធានការនេះ ក៏បានផ្អាកជាបណ្តោះអាសន្ននូវ ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទាន គ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ លើកលែងតែចំពោះករណី ដូចខាងក្រោម៖
* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
* ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
* ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
* ការជួបជុំមនុស្សដែលមានភាព ចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
វិធានការនេះ ក៏បានផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅចន្លោះពីម៉ោង ៨យប់ដល់ម៉ោង ៥ទៀបភ្លឺ លើកលែងតែចំពោះករណី ដូចខាងក្រោម៖
* ការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់ និងមូលហេតុចាំបាច់ និងបន្ទានក្នុងគ្រួសកល មានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
* ការធ្វើដំណើររបស់បុគ្គលិក ក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព
* ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន៏ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់ បម្រើឱ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គត់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណង់រឹង និង សំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន
* ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី ទៅទីកន្លែងបំពេញការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឱ្យបើកដំណើរការធម្មតា
* ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ឬការបំពេញ កាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ។
ក្នុងសេចក្តីសម្រេចអនុវត្តវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តបានព្រមានថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕