ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សនយោបាយនានា អាចរាយការណ៍រាល់ភាពអសកម្មរបស់ អាជ្ញាធរ អភិបាលខេត្ត រហូតដល់រដ្ឋមន្ដ្រីក្រសួងនានា

104

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ក៏ដូចជាសមាជិកមានសភាពមកពីគណបក្សនយោបាយនានា ដែលទើបនឹងបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាចតាម ហើយរាយការណ៍រាល់ភាពអសកម្មអាជ្ញាធរ អភិបាលខេត្ត រហូតដល់រដ្ឋមន្ដ្រីក្រសួងនានា ជូននាយករដ្ឋមន្ដ្រីដោយផ្ទាល់ ដើម្បីពិនិត្យ និងចាត់វិធានការទៅលើភាពអសកម្មទាំងនោះ។
សម្តេចតេជោ និងរាជរដ្ឋាភិបាលស្វាគមន៍គ្រប់ពេលចំពោះអ្វីដែលឧត្តមក្រុមប្រឹក្សា និងសមាជិកនេះ រកឃើញនូវភាពអសកម្ម ក៏ដូចជាការបំពានអំណាចពីសំណាក់ចៅហ្វាយខេត្ត អាជ្ញាធរជាបុគ្គល រហូតដល់ថ្នាក់ជាតិជារដ្ឋមន្ត្រីក្រសួង គឺគាត់អាចជួយបង្ហាញនូវភាពអសកម្មដោយឈរលើការពិតដោយមានភស្តុតាង ឬក៏មានតម្រុយដែលអាចឈានទៅរកការពិតហ្នឹងបាន។នេះលោក ឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិគ្រោះយោបល់នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ ។លោកថា៖សម្តេចតេជោ ស្វាគមន៍ចំពោះការងារហ្នឹង ដើម្បីយកមកដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងវិនិច្ឆ័យ។
បើតាមលោក ឈឹម ផលវរុណ ដើម្បីឲ្យសមាជិកឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់នេះ អាចចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានប្រកប ដោយភាពងាយស្រួលនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់តួនាទីដល់ពួកគេ ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលថែមទៀតផង។ក្រៅពីអាចតាមដានពិនិត្យ និងរាយការណ៍អំពីភាពអសកម្ម និងការប្រព្រឹត្តខុសច្បាប់នានាហើយនោះ ដើម្បីឲ្យឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់អាចចូលរួមចំណែក ជួយរាជរដ្ឋាភិបាលកាន់តែច្រើនថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការងារស្នូលធំៗមួយចំនួនទៀត ដូចជា ផ្ដល់គំនិតមតិយោបល់លើដំណើរការនៃការអនុវត្ត ឬរៀបចំនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល មុននឹងដាក់ចូលគណៈរដ្ឋមន្ដ្រី, មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើសេចក្ដីព្រាងច្បាប់ ស្នើទៅរាជរដ្ឋាភិបាល, ផ្ដល់អនុសាសន៍កែលម្អលើដំណើរការអភិវឌ្ឍ គោលនយោបាយ ការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលជាដើម។
លោក ឈឹម ផលវរុណ បានអះអាងដែរថា សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍គ្រប់ពេលចំពោះអ្វីដែលសមាជិក ឬឧត្តមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ក៏ដូចជាការរកឃើញភាពអសកម្ម ឬការបំពានអំណាចពីសំណាក់ អភិបាលខេត្ត អាជ្ញាធរ (ជាបុគ្គល) រហូតដល់ថ្នាក់ជាតិ មានរដ្ឋមន្ដ្រី។

គួរបញ្ជាក់ថា ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដោយមានការឯកភាពពីគណបក្សនយោបាយនានា នៅក្នុងជំនួបពិគ្រោះយោបល់គ្នានាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ មានសមាសភាពមកពីគណបក្សដែល បានចូលរួមបោះឆ្នោតអាណត្តិទី៦ ជាមួយការឯកភាពពីនាយករដ្ឋមន្រ្តី។ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)។
ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»នេះ មានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ត្រូវប្រជុំរៀងរាល់មួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន ហើយប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬ ជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕

អត្ថបទដែលជាប់ទាក់ទង