អូស្ត្រាលី ផ្លាស់ប្តូរចំណេះដឹងជាមួយ ACMECS អំពីការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូន
ភ្នំពេញ៖ ការដឹកជញ្ជូនត្រូវបានគាំងដោយសារ មានជំងឺរាតត្បាត ការដឹកជញ្ជូនទូទាំងពិភពលោក មានភាពច្របូកច្របល់ ហើយការធ្វើដំណើរតាមយន្តហោះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ថ្ងៃទី១៧ខែវិច្ឆិកានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលរួមជាមួយឯកឧត្តម ឯកអគ្គរាជទូត ដើម្បីថ្លែងសុន្ទរកថាគន្លឹះលើប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធក្រោយពីជំងឺកូវីដ-១៩៖ ការផ្លាស់ប្តូរការដឹកជញ្ជូននៅប្រទេសអូស្ត្រាលី និង ACMECS” នៅក្នុងកិច្ចពិភាក្សាគោលនយោបាយមេគង្គ-អូស្ត្រាលីលើកទី៣ ដែលរៀបចំដោយរដ្ឋាភិបាលអូស្ត្រាលី និងថៃ ចូលរួមដោយវៀតណាម និង ឡាវ។
អូស្ត្រាលី កម្ពុជា និងបណ្តាប្រទេស ACMECS ផ្សេងទៀត កំពុងវិនិយោគយ៉ាងច្រើន ដើម្បីបង្កើនការអនុវត្ត និងភាពធន់នៃប្រព័ន្ធដឹកជញ្ជូនរបស់យើង ហើយឯកឧត្តមទេសរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះ កម្មវិធីដៃគូក្នុងតំបន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានថវិកា១៤១ លានដុល្លារអូស្ត្រាលី ដែលទើបនឹងចាប់ផ្តើមនាពេលថ្មីៗនេះ ដែលកំពុងគាំទ្រដល់ ACMECS និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ។
កិច្ចពិភាក្សានេះបានផ្តល់ឱកាសដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីរបៀបបង្កើតប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃតាមអាកាសធាតុ ដែលឆ្លើយតបទៅនឹងនិន្នាការ និងបញ្ហាប្រឈមដែលបានកើតឡើងចាប់តាំងពីមានជំងឺកូវីដ-១៩។