ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាលាបឋមសិក្សា អំពួច តម្លៃជាង១៣ម៉ឺនដុល្លារ និងអំពាវនាវពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងសមិទ្ធិផលរបស់សមាគមនារី ខេត្តពោធិ៍សាត់

295

ពោធិ៏សាត់៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
នៅក្នុងឱកាសអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង និងសមិទ្ធិផលនានាជាច្រើន នៅក្នុងសាលាបឋមសិក្សាអំពួច ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ ថែមទាំងជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។
លោកជំទាវ ម៉ែន សំអន បានថ្លែងថា ការចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបាន ចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិតស្របពេលដែលរាជរដ្ឋាភិបាល ចាត់ទុក្ខជាវិស័យអប់រំជាវិស័យអាទិភាព ដោយ បានធ្វើកំណែទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឲ្យកៀកនឹងទីក្រុង។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បាន ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។
លោកជំទាវបានបន្តទៀតថា អគារសិក្សា១ ខ្នង រួមជាមួយ សមិទ្ធផលនានា ជាច្រើន នៅក្នុងសាលាបឋមសិក្សា អំពួចនេះ បានចំណាយថវិកា. សរុបជាង ១៣ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា. ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងសប្បុរសជន។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ក៏ដូចជាមាតាបិតា និងអាណា ព្យាបាលរបស់ក្មួយៗនោះតែម្តង។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពល រដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ-១៩ អូមីក្រុន ដោយត្រូវចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ។ សមិទ្ធិផលក្នុងថ្ងៃនេះ រួមមាន ៖ ទី១. ទីចាត់ការ ១ខ្នង ទំហំ ១៦.៥ម X ៧.១០ម ទី២. សាលារៀន ១ខ្នង ៦បន្ទប់ ទំហំ ៩ម X ៤៨ម និងបំពាក់ដោយសម្ភារៈសិក្សាទី៣. ក្លោងទ្វារសាលារៀន ទី៤. អណ្តូងទឹកស្នប់ ១ ទី៥. ដងទង់ជាតិ និងទី៦.របងថ្មព័ទ្ធជុំវិញប្រវែង ៥៥២ម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង