ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងនឹងរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ឱ្យបានត្រឹមត្រូវ

40

 

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ឱ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូន មាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ជ្រាបថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ឱ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ រួមមាន ៖ ដំណើរការសំណេរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ , ដំណើរការកំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ និងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២។

ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ ។

ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ នាក់ ស្រី ៦០-៣៩៧ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ ។

វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសា ប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និងមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាសាចម្លងដាក់លើក្ដារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន។

គណៈមេប្រយោគ និងគណៈកម្មការនានាដែលចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២ នាក់។ ក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស,អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធសហភាពយុវជនកម្ពុជា, អគ្គិសនីកម្ពុជា និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី-ខេត្ត ពីរដង គឺលើកទី១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្ដងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ព្រមទាំងវាស់កម្ដៅ សីតុណ្ហភាពរបស់បេក្ខជន។

បេក្ខជនទាំងអស់ត្រូវមកទទួលការវាស់ស្ទង់ក , ពិនិត្យសុខភាព និងទទួលស្ទីកឃឺរកម្ដៅធម្មតា នៅតាម មណ្ឌលសំណេរនីមួយៗ នៅមុនថ្ងៃប្រឡងមួយថ្ងៃ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១) និងត្រូវពាក់ម៉ាស់ជាប់ជាប្រចាំនៅក្នុង មណ្ឌលប្រឡង ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងស្ថិតនៅក្នុងអំឡុងពេល ចត្តាឡីស័ក ត្រូវធ្វើស្វ័យប្រកាសយ៉ាងតិចមួយថ្ងៃមុនដំណើរការសំណេរ រីឯបេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវធ្វើតេស្ករហ័សរកមេរោគកូវីដ ១៩ នៅទីតាំងសុខាភិបាលដែលកំណត់ដោយអាជ្ញាធរដែនដីរាជធានី ខេត្ត និងត្រូវយកលិខិតបញ្ជាក់លទ្ធផលអវិជ្ជមាន កូវីដ-១៩ ពីភ្នាក់ងារសុខាភិបាលមកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលការអនុញ្ញាតឲ្យចូលប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបាន ល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ ប្រឡងជាដាច់ខាត។ ក្នុងករណ៏រកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវ បានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

មាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ អាចទទួលបានព័ត៌មានថ្មីៗ ឬសាកសួរ និងបញ្ចេញយោបល់ពាក់ព័ន្ធនឹងដំណើរការប្រឡងខាងលើ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh៕

អត្ថបទដែលជាប់ទាក់ទង