ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ៖ អំពើជួញដូរមនុស្ស ជាអំពើសាហាវព្រៃផ្សៃ និងជាទាសករបែបថ្មី ដែលរដ្ឋាភិបាលមិនអាចទុក ឱ្យប្រជាពលរដ្ឋវេទនានោះទេ

73
 ខេត្តបាត់ដំបង  ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានមានប្រសាសន៍ថា «អំពើជួញដូរមនុស្សជា អំពើសាហាវព្រៃផ្សៃ ជាទាសករបែបថ្មី ដែលយើងមិនអាច បណ្តែតបណ្តោយ និងទទួលយកបាន ហើយរាជរដ្ឋាភិបាលក៏មិន អាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ»។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍យ៉ាងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ថ្វីត្បិតតែអគារមណ្ឌលទទួលពលករកំរៀងនេះមិនសូវធំ តែអគារនេះមានតម្លៃធំធេងណាស់ គ្រប់គ្រាន់ដែលអាច បង្ហាញពីការយកចិត្តទុកដាក់ និងជាការបញ្ជាក់យ៉ាងច្បាស់ អំពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុក​ដាក់ជួយសង្គ្រោះដល់ ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ប្រភេទ និងពលរដ្ឋដែលគ្រោះថ្នាក់ ដោយសារការជួញដូរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន អគារមណ្ឌលទទួលពលករមាន នៅខេត្តបាត់ដំបងមួយកន្លែង និងនៅខេត្តបន្ទាយមានជ័យ មួយកន្លែងទៀត ក្នុងករណីចាំបាច់ ស្របតាមឆន្ទៈនយោបាយក្នុង ការជួយសង្គ្រោះពលកររងគ្រោះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) អាចពិនិត្យលទ្ធភាព កសាងនៅអគារមណ្ឌលបន្ថែមទៀត ដូចជាក្នុង ខេត្តឧត្តរមានជ័យជាដើម។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមការដឹកនាំរបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងសហការី ដែលបានសម្រប សម្រួលយ៉ាងរលូន ជាមួយរដ្ឋបាលខេត្ត-ស្រុក និងអង្គការដៃគូនានា ក្នុងការធ្វើឱ្យសម្រេចនូវ រូបរាងអគារទទួលពលករនេះឡើង ព្រមទាំងបន្តសហការ ក្នុងការផ្តល់សេវាចាំបាច់នានា តាមការគ្រោងទុកបានយ៉ាងល្អ៕

 

អត្ថបទដែលជាប់ទាក់ទង