ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះ គឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ
កំពង់ស្ពឺ៖ នេះជាប្រសាសន៍លើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦, បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តមបានបន្តថា ការថ្លោះធ្លោយណាមួយ គឺអាចនឹងបង្កឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់លំនឹងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ច, សន្តិភាព និងការអភិវឌ្ឍជាតិ ក៏ដូចជាតំបន់ទាំងមូលផងដែរ។ ក្នុងន័យនេះ បញ្ជាការដ្ឋានអង្គរក្ស គឺជាកងឯកភាពឈានមុខមួយក្នុងការបំពេញភារកិច្ចស្នូលដ៏សំខាន់ចាំបាច់នេះ ដោយកន្លងមកបានខិតខំធានាបាននូវការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិនានា យ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អង្គភាព ក៏បានបំពេញភារកិច្ចជាច្រើនទៀត ដូចជាការការពារបូររណភាពទឹកដី ជាពិសេសការដោះស្រាយវិបត្តិយថាហេតុនានា ដែលតម្រូវឱ្យមានអន្តរាគមន៍បន្ទាន់ រួមមាន ការសង្គ្រោះគ្រោះមហន្តរាយ, អំពើភេរវកម្ម និងជំងឺរាតត្បាត ជាដើម។
ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានធ្វើការ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធានធានមនុស្សលើមុខជំនាញនេះ ជាការត្រៀមលក្ខណៈអនុវត្តបទបញ្ជា និងសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកបញ្ជាក់ថា ចក្ខុវិស័យនៃវិស័យការពារជាតិរបស់យើង គឺការបង្កើនប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈការបន្តធ្វើការកែទម្រង់កងទ័ព ដែលជាការងារត្រូវអនុវត្តជាប្រចាំ និងគ្មានទីបញ្ចប់ ដោយផ្អែកលើស្មារតីសំខាន់ ០២៖ ទី១ មូលដ្ឋាននៃស្មារតីជាតិនិយម ដែលសំដៅដល់ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន, និងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិយើងបានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។ ដំណើរការនៃការកែទម្រង់ គឺមិនត្រូវប៉ះពាល់ដល់មូលដ្ឋាននៃស្មារតីនេះឡើយ ពីព្រោះកងទ័ពជាអាវុធមុខពីរ ដែលអាចជាកម្លាំងក្នុងការការពារសន្តិភាពផង និងបំផ្លាញសន្តិភាពផង ដូចដែលមានសរបញ្ជាក់រួចមកហើយក្នុងដានប្រវត្តិសាស្ត្រកម្ពុជា ជាអាទិ៍វិបត្តិសង្គ្រាមស៊ីវិលក្នុងទស្សវត្សរ៍ឆ្នាំ៧០ ដោយរដ្ឋប្រហារយោធា និងការទទួលបានសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានកងទ័ពជាប្រតិបត្តិករ។ ទី២ គឺស្មារតីម្ចាស់ការឯករាជ្យលើគ្រប់វិស័យ។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដំណើរការកែទម្រង់ ក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរអំពីការធ្វើទំនើបកម្ម។ “ទំនើបកម្ម គឺជាការកែសម្រួលដើម្បីឱ្យឆ្លើយតបសភាពការណ៍ជាក់ស្តែង” ដូច្នេះចំពោះមុខ ដំណើរការនៃការធ្វើទំនើបកម្មគួរផ្តោតទៅលើការកែសម្រួលរចនាសម្ព័ន្ធ, ការកសាងធនធានមនុស្ស និងការផ្តល់សម្ភារគ្រឿងបំពាក់ឱ្យទាន់សភាពការណ៍ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ច ដែលកំពុងប្រែប្រួលទៅតាមការវិវឌ្ឍនៃសង្គម និងបច្ចេកវិទ្យា។
ពាក់ព័ន្ធនឹងស្ថានការណ៍ជំងឺកូវីដ-១៩ ឯកឧត្តម ក៏បានលើកឡើងដែរថា មកដល់បច្ចុប្បន្ននេះ ការបន្តរាតត្បាតនៅលើពិភពលោក និងក្នុងតំបន់ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសជាមួយនឹងការរកឃើញនៃវីរុសបំប្លែងថ្មីអូមីក្រុង។ យ៉ាងណាក៏ដោយ កម្ពុជាអាចបន្តការទប់ស្កាត់បានល្អ ហើយអត្រាឆ្លងរក្សានៅកម្រិតទាប។ ទាំងនេះ ក៏ដោយសារកត្តា ០២ សំខាន់៖ ទី១ គឺការចូលរួមរបស់ប្រជាពលរដ្ឋ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយយន្តការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមសភាពការណ៍។ ទី២ កត្តាកំណត់ចម្បងបំផុត គឺកត្តាថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ, ច្បាស់លាស់ និងទាន់ពេលវេលា។ សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ៕