ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ាណែត ផ្ញើសារជូន សម រង្ស៉ី៖ «បើមិនហ៊ានតតាំងជាមួយក្មេង គួរបញ្ចេញយុវជនបន្តវេន មកប្រកួតជាមួយខ្ញុំ»

75

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះគឺមានរយៈពេល២ថ្ងៃហើយ ដែលលោក សម រង្ស៉ី អ្នកនយោបាយកំសាកញី មិនហ៊ានចេញមុខភ្នាល់ តាមការបបួលរបស់បេក្ខភាព នាយករដ្ឋមន្រ្តីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្របណ្ឌិតយោធា របស់លោក ហ៊ុន ម៉ាណែត ដែលរៀននៅសហរដ្ឋអាមេរិក មានប្រភេទកម្រិតទី២។

បន្ទាប់ពីមិនមានការឆ្លើយតប ពីសំណាក់ជនកំសាកញី សម រង្ស៉ី, នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ាណែត បានផ្ញើសារពិសេសថ្មីមួយទៀតជូន អ្នកនយោបាយចាស់វស្សា ដោយបានអះអាងចំៗថា «លោក សម រង្ស៉ី គ្មានភាពក្លាហានតតាំង នឹងការបបួលភ្នាល់ជាមួយក្មេង។ ភាពស្ងាត់ស្ងៀមរបស់លោកបែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថា លោក សម រង្ស៉ី មិនហ៊ានចេញមកភ្នាល់ជាមួយខ្ញុំ ដើម្បីការពារអំណះអំណាង របស់គាត់ទេ ព្រោះគាត់ដឹងថាគាត់និយាយ គ្មានមូលដ្ឋានច្បាស់លាស់។ ការមិនហ៊ានចេញមកតតាំងផ្ទាល់ លោកគួរមានភាពក្លាហានក្នុង ការបញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្ញុំ។ ល្មមដល់ពេលលោកសម្រាក ទុកឱកាសឱ្យយុវជនជំនាន់ ក្រោយបានលូតលាស់ផង»។

សារពិសេសថ្មីមួយទៀតរបស់លោក ហ៊ុន ម៉ាណែត បានរៀបរាប់ទាំងស្រុង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖

សូមផ្ញើសំណួរមួយទៀតជូនទៅលោក សម រង្សី ដែលជាអ្នកនយោបាយ ចាស់វស្សាដែលចូលចិត្តវាយប្រហារពីក្រោយខ្នង តែគ្មានភាពហានក្លា ក្នុងការចេញមកតតាំងផ្ទាល់ ជាមួយក្មេង៖ តើលោកមានភាពក្លាហាន និងមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការជ្រើសរើសបេក្ខជនបន្ តវេនរបស់បក្សលោក ដូចថ្នាក់ដឹកនាំគណបក្សប្រជាជន បានធ្វើដែរឬទេ?

កាលពីឆ្នាំ២០១៩ ក្រោយពីខ្ញុំបបួលលោក សម រង្ស៊ី ភ្នាល់ដើម្បីឱ្យគាត់ការពារ អំណះអំណាងរបស់គាត់ ដែលបានលើកឡើងមកវាយប្រហារ ក្នុងគោលបំណងមាក់ងាយ ដល់សញ្ញាបត្ររបស់ខ្ញុំ ដែលបានទទួលពីសាលានាយទាហាន សហរដ្ឋអាមេរិក (West Point)។ ពេលនោះលោក សម រង្ស៊ី ធ្វើការឆ្លើយតបជាបន្ទាន់ ក្នុងរយៈពេលមិនដល់បីម៉ោងផង ដោយសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។

ប៉ុន្តែចំពោះការបបួលភ្នាល់ម្ដងទៀតនៅពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែធ្វើការវាយប្រហារមួលបង្កាច់ លើសញ្ញាបត្ររបស់ខ្ញុំជាថ្មីទៀត គឺអស់រយៈពេលពីរថ្ងៃហើយដែលលោក សម រង្ស៊ី មិនបានចេញសារឆ្លើយតប ដូចលើកមុនទេ។ ភាពស្ងាត់ស្ងៀមបែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថា លោក សម រង្ស៊ីមិនហ៊ានចេញមកភ្នាល់ ជាមួយខ្ញុំដើម្បីការពារអំណះអំណាង របស់គាត់ទេ ព្រោះគាត់ដឹងថាគាត់និយាយ គ្មានមូលដ្ឋានច្បាស់លាស់។

បើជ្រុលជាលោកមិនហ៊ានចេញមកតតាំងផ្ទាល់ ជាមួយខ្ញុំដែលជាក្មេងជំនាន់ក្រោយទេ គួរតែលោកមានភាពក្លាហាន ក្នុងការបញ្ចេញយុវជនបន្តវេន របស់លោក មកប្រកួតប្រជែងជាមួយខ្ញុំ និងជាមួយយុវជនជំនាន់ក្រោយ របស់គណបក្សប្រជាជនកម្ពុជាមក។ ខ្ញុំគិតថាលោកមានអាយុច្រើនហើយ ល្មមដល់ពេលលោកសម្រាក និងហ៊ានលះបង់នូវមហិច្ឆតា ចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយ បានលូតលាស់ផង។

បើតាមស្ដាប់កិច្ចសម្ភាសន៍របស់លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៥ ធ្នូ ២០២១ កន្លងទៅនេះគឺលោក សម រង្ស៊ី បានបញ្ជាក់ច្បាស់ថា លោកមានយុវជនជាច្រើន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចជ្រើសរើសធ្វើជាបេក្ខជន បន្តវេនរបស់បក្សប្រឆាំងបាន។

ហេតុដូច្នេះការដែលបក្សប្រឆាំងមិនទាន់ ជ្រើសរើសបេក្ខភាព អ្នកបន្តវេនមកដល់ពេលនេះ ប្រហែលមកពីការខ្វះឆន្ទៈ នយោបាយរបស់លោក សម រង្ស៉ី ក្នុងការបើកឱកាសដល់ក្មេងៗ ដើម្បីបានក្លាយជាអ្នកបន្តវេន ព្រោះថាមេដឹកនាំនយោបាយចាស់វស្សា នៅតែបន្តក្រាញជាមួយ នឹងមហិច្ឆតា នយោបាយរបស់ខ្លួន ចង់បានតួនាទី ធ្វើជានាយករដ្ឋមន្ត្រី។

ហេតុដូច្នេះបើសិនជាលោក សម រង្ស៊ី មានឆន្ទៈនយោបាយ និងសេចក្តីក្លាហាន ដូចសម្ដេចតេជោ គឺលោកប្រាកដជា​នឹងជ្រើសរើសបេក្ខជនបន្តវេន ដើម្បីចូលរួមប្រកួតប្រជែង ជាមួយបេក្ខជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះជាក់ជាមិនខាន។

លោកមិនហ៊ានចេញភ្នាល់ជាមួយក្មេង ដូចជារូបខ្ញុំ ដែលលោកបានវាយប្រហារ ពីក្រោយខ្នងរឿងសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ នោះទៅហើយ។ តើលោកហ៊ានជ្រើសរើសអ្នកបន្តវេន របស់លោកឬរបស់បក្សលោក និងផ្តល់ឱកាសអោយគេមក ប្រកួតជាមួយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជាដូចជារូបខ្ញុំ ដើម្បីបង្ហាញសមត្ថភាព អោយប្រជាជន ធ្វើការបោះឆ្នោតជ្រើសរើសទេ?

តើលោក សម រង្ស៊ី មានភាពក្លាហាន និងឆន្ទៈនយោបាយគ្រប់គ្រាន់ទេ? ឬលោកនៅតាំងខ្លួនជាក្របីចាស់ ដែលចង់ជល់ជាមួយនឹងកូនក្របី?

អត្ថបទដែលជាប់ទាក់ទង