ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ ទទួលបានចំណេះដឹង ពីការពង្រឹងភាព ជាអ្នកដឹកនាំ និងតុល្យភាពជីវិតឱ្យកាន់តែប្រសើរ តាមរយៈការគ្រប់គ្រងសីលធម៌ ដោយផ្អែកលើការបង្រៀនរបស់ព្រះពុទ្ធសាសនា

215

 

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានដឹកនាំមន្រ្តី បុគ្គលិក ចូលរួមស្តាប់បាឋកថា ស្តីពី «ការពង្រឹងភាពជាអ្នកដឹកនាំ និងតុល្យភាពជីវិតឱ្យកាន់តែប្រសើរ តាមរយៈការគ្រប់គ្រងសីលធម៌ ដោយផ្អែកលើការបង្រៀនរបស់ព្រះពុទ្ធសាសនា»។

ដែលមានវាគ្មិនកិត្តិយសចូលរួមធ្វើបាថកថា រួមមានលោកបណ្ឌិត ម៉ី កល្យាណ ជាទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកធម្មបណ្ឌិត ហេង មណីចិន្តា ជាស្ថាបនិក និងជានាយកពុទ្ធសាសនាសម្រាប់អភិវឌ្ឍន៍ និងលោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ជាប្រធានក្រុមហ៊ុនអចលនទ្រព្យអៀងគ្រុប បាឋកថានេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

ការរៀបចំបាឋកថានេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ និងលោកបណ្ឌិត ម៉ី កល្យាណ និងរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC)។ បាឋកថានេះ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការស្វែងយល់អំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ជីវិត និងការងារប្រចាំថ្ងៃ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍ ការពង្រឹងស្មារតី ការអប់រំចិត្ត និងការតម្រង់ទិសតាមគន្លងព្រះពុទ្ធសាសនា។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ជូនចំពោះលោកសាស្រ្តាចារ្យ និងវាគ្មិនកិត្តិយសពោរពេញដោយបទពិសោធន៍ទាំងបីររូប ដែលបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ទទួលបានពីក្រៅប្រទេស និងភាពជោគជ័យរបស់ខ្លួនទាំងការងារសិក្សាស្រាវជ្រាវ និងការរកស៊ីទទួលទានប្រចាំថ្ងៃ។

អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានបន្តទៀត ពួកគាត់ទាំង៣ គឺជាកុលបុត្រខ្មែរដ៏ឆ្នើមរបស់កម្ពុជា ដែលបានចូលរួមជួយដល់កាងារសង្គមកម្ពុជា ព្រមទាំងបានបង្កើតនូវសមិទ្ធផលយ៉ាងច្រើនសម្រាប់កម្ពុជា ក្នុងវិស័យអប់រំ សាសនា វប្បធម៌ សេដ្ឋកិច្ច និងសង្គម ក៏ដូចការចូលរួមដល់ការងារមនុស្សធម៌នៅកម្ពុជា។

ក្នុងឱកាសនេះ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា វាន់ ស៊ូអៀង ប្រធានសមាគមវិស័យកាត់ដេរនៅកម្ពុជា និងលោក Andrew Tey ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា CGTI-GMAC ដែលបានរៀបចំឱ្យមានកម្មវិធីដ៏មានតម្លៃ ព្រមទាំងបានផ្តល់នូវទីតាំងសម្រាប់កម្មវិធីបាឋកសានាថ្ងៃនេះ សម្រាប់សិក្ខាកាមចំនួន ៨០នាក់។

នេះជាលើកទី៣ ហើយ ដែលវិទ្យាស្ថានបានផ្តល់ការគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព។

វិទ្យាស្ថាន CGTI-GMAC ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាពនៅកម្ពុជា និងមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈលើវិស័យកាត់ដេរដល់កម្មករ-កម្មការនី ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ភាពជាអ្នកដឹកនាំនៅតាមស្ថាប័ន/ក្រុមហ៊ុនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម៕

អត្ថបទដែលជាប់ទាក់ទង