ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌ ប្រឹងប្រែងទប់ស្កាត់ ការទន្រ្ទានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ ដោយខុសច្បាប់

221

សៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការអនុវត្តអនុសាសន៍ នៃសន្និសីទថ្នាក់តំបន់លើកទី១នៃ វិធានការ និងការការពារសកម្មភាពទន្រ្ទានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់»។ អង្គសិក្ខាសាលា បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យ អង្គរ (SOKHALAY ANGKOR RESORT & SPA) ខេត្តសៀមរាប។

អង្គសិក្ខាសាលា ទទួលបានការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជា ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត ពិសេសបានចូលរួមផ្តល់នូវមតិយោបល់ ក៏ដូចជាការ លើកឡើងបង្ហាញ ពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែលជាកេរ្តិ៍ដំណែលបន្សល់ទុក ដោយបុព្វបុរស ហើយបានក្លាយជា សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដ៏មានតម្លៃមិនអាច កាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ ជាបន្តបន្ទាប់ ដោយសារកត្តាមនុស្ស តាមរយៈសកម្មភាពផ្សេងៗដូចជាការជួញដូរ ចរាចរ បំផ្លិច បំផ្លាញ ឈូសឆាយ និងការ ជីក រុករកវត្ថុបុរាណដោយខុសច្បាប់ជាដើម។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា គោលបំណងនៃសិក្ខាសាលា ថ្នាក់តំបន់នេះ គឺដើម្បីលើកឡើងនូវមតិយោបល់មកពិភាក្សា ពីការការពារដោយបើកចំហ នៃបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់យើង ត្រូវបានគេស្គាល់ និងមិនទាន់ត្រូវបានរកឃើញ។

ភាគីទាំងអស់កំពុងប្រមូលផ្តុំគ្នា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការអ្នកជំនាញ ពីគ្រប់ស្ថាប័នពាក់ព័ន្ធដែល មានជាប្រធានបទ និងអនុសាសន៍ផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ របស់យើងទាំងអស់គ្នា ក៏ដូចជាដើម្បីប្រមូល ចងក្រងពីបញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ ជាមាគ៌ាមួយឆ្ពោះទៅកាន់សិក្ខាសាលា ឬសន្និសីទផ្សេងៗទៀតនាពេលអនាគត ពិសេសជាមួយប្រទេសអាស៊ាន និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង