ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យកូរ៉េ ពិនិត្យលទ្ធភាព លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក

411

ភ្នំពេញ៖ ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួល ជួបសម្តែងការគួរសមពីសំណាក់លោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ(EDCF) ថ្មីប្រចាំកម្ពុជា ដែលទើបទទួលការតែងតាំងជំនួសលោកស្រី Lee Hye-Kyung ដែលត្រូវផ្ទេរភារកិច្ចទៅជានាយក EDCF ប្រចាំតំបន់អាស៊ី រួមជាមួយនឹងគណៈប្រតិភូអមដំណើរដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីអតីតនាយកា EDCF ដែលបានទទួលមុខតំណែងថ្មីនៃ EDCF ប្រចាំតំបន់អាស៊ី និងបានសម្តែងនូវការស្វាគមន៍ផងដែរចំពោះលោកស្រីនាយិកា EDCF ថ្មីប្រចាំកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសការប្រើប្រាស់បណ្ដាញផ្លូវទឹករបស់កម្ពុជារួមមាន៖ ទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ដែលជាប្រភពសក្កានុពលសំបូរបែបសម្រាប់វិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបាន ជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២២ និងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលបានបើកការដ្ឋានសាងសង់នាពេលកន្លងទៅថ្មីៗនេះ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅកម្ពុជា។

ដោយឡែក លោកស្រីនាយិកា EDCF បានក៏បង្ហាញនូវការតាំងចិត្ត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់ តែមានការរីកចម្រើនបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង