ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពជាតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ហើយពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីទទួលបាន ការអភិវឌ្ឍថែមទៀត

38

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិ របស់យើងឱ្យកាន់តែរីកចម្រេីន ខ្លាំងថែមទៀត។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈបណ្តាញ សង្គមហ្វេសបុក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីសម្តេចបានទទួល រូបភាពមួយចំនួន អំពីទិដ្ឋភាពដ៏ស្រស់បំព្រង របស់រាជធានីភ្នំពេញ ដែលលម្អដោយ អគារខ្ពស់ៗកប់ពពក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើង បានឡើយ បើប្រទេសយើង មិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិ របស់យើងឱ្យកាន់តែរីកចម្រេីន ខ្លាំងថែមទៀត»

រូបភាពទិដ្ឋភាពស្រស់ស្អាត នៃរាជធានីភ្នំពេញដែល សម្តេចបានបង្ហោះនេះ ត្រូវបានថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ដែលមើលទៅខុសគ្នា ដាច់ស្រឡះពី អតីតកាលនៃរាជធានីភ្នំពេញ ដែលមានតែអគារបែកបាក់ទាបៗបន្តិចបន្តួច ក៏ព្រោះតែរងគ្រោះដោយសារ សង្គ្រាមជាច្រើនទសវត្ស។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឱ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមា ត់យ៉ាងលឿនតាមរយៈវត្តមាន អគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់ តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមាន ការអភិវឌ្ឍមួយនេះ»

ជាមួយនឹងការបង្ហាញជំនឿចិត្តថា រាជធានីភ្នំពេញទៅអនាគតក៏នឹងកាន់ តែរីកដុះដាលច្រើន និងល្អៗ ជាងនេះថែមទៀត សម្តេចបានលើកឡើងបន្តទៀតថា៖ ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗ របស់កម្ពុជា ដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុង ទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស។

តាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតពីចាប់ពីឆ្នាំ២០០០ រហូតដល់ដំណាច់ ឆ្នាំ២០២១ កម្ពុជាគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសចំនួន ២ ៣៩២អគារ ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥-៩ជាន់ មានចំនួន ១ ៣២៤ អគារ, អគារចាប់ពី១០-១៩ជាន់ មានចំនួន៦៧៥អគារ, អគារចាប់ពី២០-២៩ជាន់ មានចំនួន ២២០អគារ, អគារចាប់ពី៣០-៣៩ជាន់ មានចំនួន១២៣អគារ និង អគារចាប់ពី៤០ជាន់ឡើង មានចំនួន៥០ អគារផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង