ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតទីម័រ ចូលជួបសម្តែងការគួរសម

187

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម។

លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកស្រីបានជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង សំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើតផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ឱ្យថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះដែរ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ ក៏រំពឹងថា នឹងមានជំនួបដាច់ឡែកឡែកពីគ្នា ជាមួយឥស្សរជនកម្ពុជាមកពីវិស័យសាធារណៈ និងឯកជន ដទៃទៀតផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើត ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង