ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី បើកការដ្ឋានស្ថាបនា ស្ពានអាកាសឫស្សីកែវ

61

 

ភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យទី៣០ខែមករាឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានស្ថាបនា ស្ពានអាកាស ឫស្សីកែវ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុកប្រេងឥន្ធនៈ សូគីមុិចឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅថ្ងៃចន្ទស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការ ដ្ឋានស្ថាបនា ជាផ្លូវការនូវស្ពានអាកាសឫស្សីកែវ តាមបណ្ដោយ ផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវសាលា ដែកជាប់ខាងជើងឃ្លាំង ស្ដុកប្រេងឥន្ធនៈ សូគីមុិចឫស្សីកែវ ។

បើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាស នៅថ្ងៃទី៣១ ខែមករា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទ ដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរ ឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។

ចំពោះការបញ្ចៀសចរាចរណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ ប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ តាមទីតាំងខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

អត្ថបទដែលជាប់ទាក់ទង