ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំបន្ថែម ស្តីពីការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

138

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំបន្ថែម ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

អនុលោមតាមសេចក្ដីប្រកាសព័ត៌មានលេខ ០៣១ សខល ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង អាចស្នាក់នៅ និងសម្រាក ព្យាបាលនៅតាមផ្ទះ៖ ប៉ុន្តែ ត្រូវគោរពតាមនីតិវិធីប្រតិបត្តិស្ដង់ដា សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅតាមផ្ទះ ឱ្យបានត្រឹមត្រូវ។

ក្នុងន័យនេះ ដើម្បីពង្រឹងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះជាពិសសមេរោគ បំប្លែងថ្មី ប្រភេទអូមីក្រុង ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅចូលរួមចំណែកបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖

១- ក្នុងករណីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផល តេស្តវិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ និងត្រូវ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន តាមរយៈទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុម គ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទ៖ ថាតើត្រូវអនុញ្ញាតឱ្យអ្នកជំងឺព្យាបាល នៅផ្ទះ៖ ឬ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ ដោយឡែក ក្រោយរយៈពេល ៣ (បី) ថ្ងៃ ក្នុង ករណីដែលទទួលបានលទ្ធផលតេស្ត PCR ពីមន្ទីរពិសោធន៍ បញ្ជាក់ថា ជាប្រភេទអូមីក្រុង នោះ អ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្ត PCR នៅតាមទីតាំងដែល ក្រសួងសុខាភិបាលបានកំណត់ និងមិនត្រូវចាកចេញ ពីទីតាំងដែលខ្លួនកំពុងស្នាក់នៅ ក្នុងករណីមិនចាំបាច់។

២- ចំពោះអ្នកជំងឺកូវីដ-១៩ រួមទាំងមេរោគ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលមានអាការៈកម្រិតស្រាល គ្មានរោគសញ្ញា និងគ្មានកត្តាប្រឈមដែល បានទទួលការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ៖ ត្រូវចុះ កិច្ចសន្យានៅចំពោះមុខមន្ត្រីមានសមត្ថកិច្ចតាមទម្រង់គំរូឧបសម្ព័ន្ធទី១១ នៃនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ៖ របស់ក្រសួងសុខាភិបាល និងត្រូវ គោរពតាមនីតិវិធីបតិបត្តិស្តង់ដារនេះ ឱ្យបានត្រឹមត្រូវ ព្រមទាំងយល់ព្រមឱ្យអាជ្ញាធរមូលដ្ឋាន ដាក់ស្លាកសម្គាល់ ហើយក្នុងករណីមានបញ្ហាសុខភាព ត្រូវធ្វើការទំនាក់ទំនងតាមគ្រប់មធ្យោបាយ ជាបន្ទាន់ ទៅមន្ដ្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត។

៣- ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬ រកឃើញថាមានបុគ្គលណាមួយ ដែលបានប្រើប្រាស់តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ទទួលបានលទ្ធផល តេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយគេចវេស និងមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬ អាជ្ញាធរមូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាម ប្រការ ២ ន ប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ ចំពោះបុគ្គល ឬ នីតិបុគ្គល ដែលប្រព្រឹត្តអំពើ ល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាម មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។

៤- រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និងស្នើសុំប្រជាពលរដ្ឋដែលមាន លំនៅឋានរស់នៅក្បែរខាងទីតាំង ផ្ទះរបស់បុគ្គល ដែលសង្ស័យថាមានអ្នកជំងឺកូវីដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ជា បន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ហើយរដ្ឋបាលរាជធានី ភ្នំពេញ នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ បានទាន់ពេលវលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ទៅក្នុងមូលដ្ឋានភូមិ សង្កាត់ដែលខ្លួនកំពុងរស់នៅ។

៥- គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានានូវ ការអនុវត្តបានត្រឹមត្រូវតាមសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ ត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល ឱ្យខាងតែបាន និងដោយគ្មានការ លើកលែងឡើយ ក្រោយពេលដែលបុគ្គលនោះបានទទួលការព្យាបាលជំងឺកូវីដ-១៩ ជាសស្បើយ។

 

អត្ថបទដែលជាប់ទាក់ទង