ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ “លក្ខខណ្ ឌស្តីពីកិច្ចសហប្រតិបត្តិការ ”រវាងកងទ័ពជើង គោកនៃប្រទេសទាំងពីរ

354

ភ្នំពេញ៖ តបតាមការ
អញ្ជើញរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ បានចូលកាន់តំណែង។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម បានដឹកនាំគណៈប្រតិភូជាន់
ខ្ពស់នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងមោទនភាព ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលនាំមកនូវផលប្រយោជន៍ទៅវិញ
ទៅមក និងការអភិវឌ្ឍរីកចម្រើន រួមគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ជាពិសេសកិច្ចខិតខំប្រឹង
ប្រែងជួយគ្នានិងឧបត្ថម្ភគាំទ្រគ្នាទៅវិញ
ទៅមក ក្នុងពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម។

ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែលបានដំណើរការបោះ
ជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផល ផ្លែផ្កាជាច្រើនទាំងនៅក្នុងក្របខ័ណ្ឌជារួម និងក្នុងកម្រិតកងទ័ព
ជើងគោកជាអាទិ៍ការអប់រំបណ្តុះ
បណ្តាលធនធានមនុស្ស ការអនុវត្តលំហាត់ហ្វឹកហ្វឺន និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបានទំនាក់ទំនងការងារជាប់ជាប្រចាំរវាងបណ្តាអង្គភាពសំខាន់ៗចំណុះកងទ័ពជើងគោកទាំងពីរ ដែលនៅឈរ
ជើងនៅតាមបណ្តោយព្រំដែន ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និងទិសដៅរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែននានា។

ទន្ទឹមគ្នានេះកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីអត់ធ្មត់ និងសម្របសម្រួលដោះស្រាយ បញ្ហាតាមយន្តការគ្រប់កម្រិត ក្នុងគោល
ការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈអំណោយផលដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវ
ភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បាន ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបន្តចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោមធ្លុងសាមគ្គីភាពនៃកងទ័ពជើងគោក បណ្តាប្រទេសសមាជិកអាស៊ាន។

ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ ចំពោះការគាំទ្រលទ្ធផលដំណើរ ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមភាពជាប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណង ដើម្បីចូលរួមចំណែកបញ្ចៀសអំពើហិង្សា សង្គ្រាមស៊ីវិល និងវិបត្តិមនុស្សធម៌ ក៏ដូចជាដើម្បីធ្វើយ៉ាងណា រកមធ្យោបាយធ្វើឱ្យអាស៊ាន អាចរក្សាបាននូវមជ្ឈិមភាព របស់ខ្លួន និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើគោលការណ៍នានា ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ជាអាទិ៍ការគោរពអធិបតេយ្យ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងគោលការណ៍កុងសង់ស៊ីស។

ជាលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ បានសម្រេចចុះហត្ថលេខា រួមគ្នាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Terms of Reference – ToR) រវាងកងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកភូមិន្ទថៃ” ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមាន កិច្ចពិភាក្សាដោយបើក ចំហលើប្រធានបទដែល ផ្តល់ផលប្រយោជន៍រួម។ ឯកសារនេះគឺជាមូលដ្ឋានមួយ ដ៏សំខាន់នៅក្នុងការត្រួសត្រាយ ផ្លូវដើម្បីឈានទៅ លើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យមានកម្រិតកាន់តែខ្ពស់ ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃកិច្ចទំនាក់ទំនង រវាងកងទ័ពជើងគោកទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង