ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

98

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាទើបការអនុវត្តសិទ្ធក្នុងការបោះឆ្នោត អាចធ្វើទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តន៍នូវសិទ្ធជ្រើសរើសមេដឹកនាំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ បណ្តាបក្សនយោបាយដែលចូលរួមបោះឆ្នោតក្តី ដែលមិនចូលរួមបោះឆ្នោតក្តី ហើយដែលមានសមាជិកសមាជិការបស់ខ្លួន អ្នកគាំទ្រខ្លួន គប្បីត្រូវរុញពួកគាត់ឱ្យទៅចុះឈ្មោះបោះ​ឆ្នោត កុំឱ្យថាខ្ញុំគាំទ្រគណបក្សនេះតែអត់មានឈ្មោះបោះឆ្នោត»

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ទាក់ទិនននឹងរឿងចុះឈ្មោះនោះបោះឆ្នោតនេះ សម្តេចធ្លាប់បានលើកឡើងកាលពីថ្ងៃទី១០ ខែតុលា ម្តងរួចមកហើយ ដោយបានអំពាវនាវឱ្យបណ្តាគណបក្សនយោបាយជំរុញសមាជិក សមាជិកា អ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ឥលូវនេះខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជាមួយនឹងប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយទៅចុះឈ្មោះបោះឆ្នោត ហើយក្នុង នោះយុវជនដែលទើបដល់អាយុបោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត បើមិនដូចនេះទេគឺការអនុវត្តសិទ្ធមិនអាចធ្វើទៅរួចទេ មានតែអ្នកបានចុះឈ្មោះបោះឆ្នោតត្រឹមត្រូវទើបអាចធានាបានថា យើងមានសិទ្ធបោះឆ្នោតបាន  ដូចនេះសូមឱ្យប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»

សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា ដំណើរការប្រជាធិបតេយ្យមួយត្រូវធ្វើដោយទៀងទាត់សម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោតនាពេលបច្ចុប្បន្ននេះ ក៏មានបច្ចេកទេសកាន់តែ​ទំនើបទៅៗ ដែលនឹងផ្តល់ឪកាសកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ​និងមានតម្លាភាពនៃការបោះឆ្នោត។

អត្ថបទដែលជាប់ទាក់ទង