ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថានទូតជប៉ុន នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង

42

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិការងារ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះការទទួលជួប ក៏ដូចជាកិច្ចសហការកន្លងមកក្នុងការងារសិទ្ធិមនុស្ស និងកិច្ចសន្ទនាទ្វេភាគីស្ដីពីសិទ្ធិមនុស្សរវាងកម្ពុជា និងជប៉ុន ព្រមទាំងកិច្ចការផ្សេងៗទៀតដែលជាប្រយោជន៍ក្នុងលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តម សង្ឃឹមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថានទូតជប៉ុន នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត សង្ឃឹមថា ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នឹងប្រព្រឹត្តទៅដោយរលូននិងជោគជ័យ តាមលក្ខណៈប្រជាធិបតេយ្យ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន គ.ស.ម.ក. ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក របស់ស្ថានទូតជប៉ុន ក្នុងវិស័យសិទ្ធិមនុស្ស។ ឯកឧត្តម ក៏បានលើកឡើងពីបេសកកម្មរបស់ គ.ស.ម.ក. ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ នៅពេលថ្មីៗនេះ គ.ស.ម.ក. បានដាក់ប្រអប់បណ្តឹង នៅមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌលអប់រំកែប្រែទី២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ ដើម្បីឱ្យមានភាពងាយស្រួលដល់ជនជាប់ឃុំក្នុងការដាក់ពាក្យបណ្ដឹង ហើយគ.ស.ម.ក.នឹងបន្តដាក់ប្រអប់បណ្តឹងនេះតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារផ្សេងៗទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ.ស.ម.ក. និងពន្ធនាគារក្នុងការលើកកម្ពស់ការគោរព និងការការពារសិទ្ធិរបស់អ្នកជាប់ឃុំ។

ឯកឧត្តមក៏បន្តលើកឡើងផងដែរថា គ.ស.ម.ក កំពុងតែគិតពិចារណាក្នុងការបង្កើតឱ្យមាន កម្មវិធីតាមទូរស័ព្ទ (Apps) ដែលអាចឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សតាមអនឡាញ មកគ.ស.ម.ក. បានផងដែរ។

នៅទីបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានជូនពរឯកឧត្តមឯកអគ្គរាជទូត ហើយសង្ឃឹមថាទំនាក់ទំនងនិងកិច្ចសហការ រវាងគ.ស.ម.ក. និងស្ថានទូតជប៉ុននឹងនៅតែបន្តរហូត។

អត្ថបទដែលជាប់ទាក់ទង