ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរទស្សនកិច្ចការងាររបស់ គណៈប្រតិភូនៃមជ្ឈមណ្ឌលព័ត៌មាន និងស្រាវជ្រាវអប់រំទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា

123

រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៃមជ្ឈមណ្ឌលព័ត៌មាន និងស្រាវជ្រាវអប់រំទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ​មកកម្ពុជា​នាពេលនេះ ក្នុងគោលបំណង ដើម្បីស្វែងយល់អំពីការអនុវត្ត​ការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ តម្រូវការចាំបាច់របស់កម្ពុជា​លើផ្នែកបច្ចេកវិទ្យាព័ត៌មានអប់រំ និងការធ្វើបច្ចុប្បន្នភាព​កម្មវិធីបបណ្ដុះបណ្ដាល ICT ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការទទួលបានជំនាញបច្ចេកវិទ្យាដ៏ចាំបាច់ នាយុគសម័យសេដ្ឋកិច្ចពិភពលោកដែលផ្អែកលើពុទ្ធិបច្ចុប្បន្ន។

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បាន​អនុញ្ញាត្ត​ឱ្យ​គណៈប្រតិភូមជ្ឈមណ្ឌលព័ត៌មាន និងស្រាវជ្រាវអប់រំទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើ វឌ្ឍនភាពនៃការងារបណ្ដុះបណ្ដាលគ្រូបង្រៀនកម្ពុជា និងបានពិភាក្សាសម្រាប់អនុវត្តសកម្មភាពបន្ត ក្រោមគម្រោង Innovative ICT-Integrated Classroom រយៈពេល៤ឆ្នាំ ២០២០-២០២៤ ដែលភាគីកម្ពុជាមាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ភាគីកូរ៉េមានវិទ្យាស្ថាន APEC for Collaborative Education (IACE) យោងតាមអនុស្សរណៈយោគយល់ជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ ក្នុងវត្ថុបំណងផ្ដោតសំខាន់លើការជួយកសាងសមត្ថភាព​គ្រូបង្រៀននៅក្របខ័ណ្ឌមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ និងសិស្សានុសិស្សឱ្យមានចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការស្រាវជ្រាវ រៀន និងបង្រៀន។

គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការខាងលើ មន្ទីរអប់រំទីក្រុងប៊ូសានបានផ្ដល់ជំនួយសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា ជូនដល់អង្គភាពជំនាញ និងគ្រឹះស្ថានសិក្សាគោលដៅនានា ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលរយៈពេលខ្លីជូនគ្រូបង្រៀនកុំព្យូទ័រកម្ពុជាទូទាំងប្រទេសនៅទីក្រុងប៊ូសាន និងតាមប្រព័ន្ធអនឡាញ។

កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន បានចូលរួមចំណែកលើកស្ទួយទំនាក់ទំនងវប្បធម៌-អារ្យធម៌ រវាងនៃសាធារណររដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា និងកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យអប់រំរបស់កម្ពុជា។ សិក្ខាកាមជាគ្រូបង្រៀនដែលចូលរួមវគ្គបណ្ដុះបណ្ដាលកន្លងមកនៅកូរ៉េបានយកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ទៅផ្សព្វផ្សាយ បណ្ដុះបណ្ដាលបន្តផ្នែកបច្ចេកវិទ្យាព័ត៌មានដល់សហការីនៅតាមគ្រឹះស្ថានសិក្សា ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងវិស័យអប់រំឲ្យរីកចម្រើន។
១៣ ធ្នូ ២០២២ ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង