ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្និសីទអនុសញ្ញា អង្គការសហប្រជាជាតិ លើកទី១៥ (COP15) ស្តីពីជីវចម្រុះទីក្រុងម៉ុងរ៉េអាល់

139

 

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) ព្រៃព្រះរកា (PFCN) និងសង្ឃរុក្ខាវ័ន (MCF)សន្និសីទអនុសញ្ញាអង្គការសហប្រជាជាតិលើកទី១៥ (COP15) ស្តីពីជីវចម្រុះទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា១២ ធ្នូ ២០២២។

“ជាប្រវត្តិសាស្ត្រយូរណាស់មកហើយ សហគមន៍ជំនឿ/សាសនា ជនជាតិដើម និងសហគមន៍មូលដ្ឋានបាន និងកំពុងធ្វើការងារយ៉ាងសកម្ម និងប្រកបដោយសីលធម៌ក្នុងកិច្ចការពារព្រៃឈើ និងជីវចម្រុះរាប់សិបជំនាន់រហូតមកដល់សព្វថ្ងៃនេះ។ ព្រៃឈើដែលនៅសេសសល់ភាគច្រើនជំុវិញពិភពលោក គឺស្ថិតក្នុងតំបន់ដែលជនជាតិដើមភាគតិចរស់នៅ ហើយក៏ជាកន្លែងដែលពួកគេអភិរក្សនូវអត្តសញ្ញាណ និងវប្បធម៌ប្រៃពៃណី ដូចជាការគោរពព្រលឹងវិញ្ញាណបុព្វបុរស អារក្សអ្នកតា និងជាកន្លែងរក្សានូវវប្បធម៌ និងប្រពៃណីចុងក្រោយរបស់គេ ។ តួនាទីរបស់ពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កាការពារ ការបាត់បង់ជីវម្រុះ ប្រព័ន្ធអេកូឡូស៊ី ការប្រែប្រួលអាកាសធាតុ ក៏ដូចជាការរក្សានូវសម្រស់នៃភពផែនដីផងដែរ”។

ពួកយើងជាតំណាងបណ្ដាញសហគមន៍ព្រៃឡង់ ព្រៃព្រះរកា និងព្រៃសង្ឃហគមន៍រុក្ខាវ័នបានរៀនសូត្រនូវអ្វីដែលបានលើកឡើងខាងលើក្នុងកំឡុងពេលចូលរួមក្នុងសន្និសីទអនុសញ្ញាអង្គការសហប្រជាតិលើកទី១៥ (COP15) ស្តីពីជីវចម្រុះក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ ខ្លឹមសារដែលបានលើកឡើងខាងលើបានលើក និងជំរុញទឹកចិត្តដល់យើងខ្ញុំដើម្បីបន្តការខិតខំប្រែងក្នុងកិច្ចការពារព្រៃឈើក្នុងប្រទេសកម្ពុជា។ ពួកយើងជឿជាក់ថាសកម្មភាពតាមមូលដ្ឋានរបស់ពួកយើងក្នុងកិច្ចការពារព្រៃឈើ គឺកំពុងរួមចំណែកយ៉ាងធំធេងដល់ការសម្រេចបាននូវការតាំងចិត្តរបស់ពិភពលោក និងរដ្ឋជាសមាជិកក្នុងការសម្រេចបានផែនការការពារជីវចម្រុះជាសកល។ បច្ចុប្បន្ននេះពួកយើងកំពុងចូលរួមយ៉ាងសកម្មក្នុងបេសកម្មការពារព្រៃឈើ និងជីវចម្រុះក្នុងតំបន់ការពារព្រៃឡង់ ព្រៃព្រះរកា និងព្រៃសហគមន៍សង្ឃរុក្ខាវ័នតាមរយៈសកម្មភាពជាច្រើនដូចជា ការអប់រំ ការកៀរគរពលរដ្ឋក្នុងសហគមន៍ និងសាធារណជនឱ្យចូលរួមស្តារ អភិរក្ស និងការពារ រួមទាំងការបង្កើតកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងការប្រើប្រាស់កម្មវិធីអាប់ទូរសព្ទស្មាតហ្វូន (ដែលគេស្គាល់ថាព្រៃឡង់អាប់) ដែលអាចប្រមូលទិន្នន័យជាប្រព័ន្ធពីសកម្មភាពល្មើសច្បាប់នានា (ការរុករានព្រៃ ឧក្រិដ្ឋកម្មព្រៃឈើ ការដឹកជញ្ជូន ការបរបាញ់សត្វ) ធនធាន ជីវចម្រុះ ការចូលរួមអន្តរាគមន៍របស់សហគមន៍ និងអាជ្ញាធរ និងការប្រែប្រួលអាកាសធាតុ។

លោកហឿន សុភាព ជាមាជិកណ្ដាញសហគមន៍ព្រៃឡង់ដែលកំពុងចូលរួមសន្និសីទអនុសញ្ញាអង្គការសហប្រជាជាតិលើកទី១៥ (COP15) ស្តីពីជីវចម្រុះបានឆ្លុះបញ្ចាំងថា “ខ្ញុំបានរៀនសូត្រថាក្នុងប្រទេសដទៃដូចជាប្រទេសកាណាដា គេបានបែងចែកថវិកាជាតិរហូតដល់ ៨០០លានដុល្លារ សម្រាប់គាំទ្រគម្រោងផ្សេងៗរបស់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិចក្នុងការការពារជីវចម្រុះនិងព្រៃឈើ។ ត្រង់នេះគឺហាក់ដូចជាផ្ទុយពីប្រទេសកម្ពុជាដែលសហគមន៍ខ្លះដូចជាសហគមន៍ព្រៃឡង់ត្រូវបានរិតត្បិតហាមប្រាមមិនឱ្យចូលរួមក្នុងសកម្មភាពការពារព្រៃឈើ។ ខ្ញុំសង្ឃឹម និងស្នើឱ្យរាជរដ្ឋាភិបាលពិសេសក្រសួងបរិស្ថានឱ្យគាំទ្រការចូលរួមរបស់សហគមន៍ដូចជាពួកយើងក្នុងកិច្ចការពារព្រៃឈើ”។
ព្រះតេជគុណ ថូ ធូរស់ ជាព្រះប្រធានព្រៃសង្ឃហគមន៍រុក្ខាវ័នដែលកំពុងចូលរួមសន្និសីទអនុសញ្ញាអង្គការសហប្រជាជាតិលើកទី១៥ (COP15 ស្តីពីជីវចម្រុះនោះដែរបានលើកឡើងថា ” ព្រះពុទ្ធសាសនាមានតួនាទីសំខាន់យ៉ាងច្រើនក្នុងកិច្ចការពារ និងអភិរក្សព្រៃឈើ។ ព្រះពុទ្ធទ្រង់បានប្រសូត្រ ត្រាស់ដឹង និងចូលព្រះបរិនិព្វាននៅក្រោមដើមឈើ។ ព្រះពុទ្ធអប់រំយើងឱ្យមានមេត្តាធម៌ចំពោះសព្វសត្វទាំងអស់នៅលើភពផែនដីរបស់យើង។ អ្វីដែលសង្សសហគមន៍រុក្ខាវ័នកំពុងធ្វើកិច្ចការពារព្រៃមានន័យថា យើងកំពុងតែដើរតាមឱវាទរបស់ព្រះពុទ្ធ។ អត្មាលើកទឹកចិត្តអ្នកទាំងអស់គ្នារួមទាំងអាជ្ញាធរពាក់ព័ន្ធ អ្នកមានជំនឿសាសនា និងអ្នកពាក់ព័ន្ធនានាចូលរួមក្នុងកិច្ចការពារព្រៃឈើ និងជីវចម្រុះ។ យើងមិនអាចរស់ដោយគ្មានព្រៃឈើបានទេ ប៉ុន្តែព្រៃឈើអាចរស់បានដោយគ្មានយើងជាមនុស្ស”។ អាត្មាភាពសូមកោតសរសើរលោកជំទាវ Elizabeth Mrema លេខាធិការប្រតិបត្តិអនុសញ្ញាស្តីពីជីវចម្រុះដែលបានអញ្ជើញតំណាងពីសាសនា/ជំនឿផ្សេងៗដើម្បីនិយាយលើកឡើងពីសារសំខាន់នៃជីវចម្រុះ ហើយអាត្មាសូមសំដែងការដឹងគុណដល់គណកម្មការអនុសញ្ញាស្តីពីជីវចម្រុះដែលគាំទ្រដល់ក្រុមសាសនា/ជំនឿផ្សេងៗដែលធ្វើការលើជីវចម្រុះ និងព្រៃឈើ។

“ជនជាតិដើមគួយរបស់យើងការពារព្រៃឈើ ពីព្រោះយើងត្រូវរក្សាការពារប្រពៃណី និងវប្បធម៌របស់ពួកយើង។ ពួកយើងរស់នៅពឹងផ្អែកខ្លាំងណាស់លើព្រៃឈើ។ យើងប្រឈមការលំបាកជាច្រើនរួមទាំងជីវភាពរស់នៅ និងការបាត់បង់ប្រពៃណី និងវប្បធម៌របស់យើង។ ពួកយើងមានជំនឿថាព្រៃឈើជាផ្ទះរបស់បុព្វបុរសរបស់យើង។ បុព្វបុរសយើងបានបង្រៀនយើងមិនឱ្យបំផ្លាញព្រៃឈើនោះទេ។ យើងគោរពព្រៃតាមរយៈការប្រារព្វពិធីផ្សេងៗដើម្បីបួងសួងសុំក្តីសុខដុមរម្យនា និងសន្តិភាពសម្រាប់សហគមន៍ជនជាតិគួយរបស់យើង”។ នេះជាការលើកឡើងរបស់លោកសុត សាវន សមាជិកបណ្ដាញព្រៃព្រះរកាដែលកំពុងចូលរួមសន្និសីទអនុសញ្ញាអង្គការសហប្រជាជាតិលើកទី១៥ (COP15) ស្តីពីជីវចម្រុះ៕

អត្ថបទដែលជាប់ទាក់ទង