សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្ដម ប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការងារ ចូលជួបសម្ដែងការគួរសម និងជម្រាបលា។
តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្រេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅពេលក្រោយជំនួបថា
ឯកឧត្តម PARK Heung-Kyeong បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។
ឯកឧត្តម PARK Heung-Kyeong ក៏បានគោរពសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ និងមន្ត្រីរាជការ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេសតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា, ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការឆ្លងនៃគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម PARK Heung-Kyeong បានគោរពសុំការគាំទ្រអំពីសម្ដេចតេជោ នូវគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត, និងរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយបានសំដែងការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានមានប្រសាសន៍ថា ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ។
ចំពោះករណីគម្រោងកែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រ ហើយបានជូនឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការងារជាបន្តជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញផងដែរ ។
ជាទីបញ្ចប់ សម្ដេចតេជោ បានជូនពរឯកឧត្តម សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់ឯកឧត្តមបន្តទៀតនៅថ្ងៃអនាគត ៕