ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបរទេសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ បណ្តាលអោយស្លាប់ ស្ថិតនៅក្រោមអគារ THE PEAK

59

 

ភ្នំពេញ ៖ ជនបរទេសម្នាក់ ត្រូវបានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងមួយក្រុមជិះរថយន្តស៊េរីទំនើបមួយគ្រឿង បានបើកទៅឈប់ក្បែរជនរងគ្រោះ ហើយដកកាំភ្លើងខ្លី បាញ់សំដៅជនរងគ្រោះចំនួន៣គ្រាប់ដេកដួលកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្រោមអគារ THE PEAK ស្ថិតតាមបណ្តោយផ្លូវសប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ហើយក៏ពុំទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាជនជាតិអ្វីនៅឡើយនោះទេ គ្រាន់ដឹងថា មានវ័យប្រមាណ៤០ឆ្នាំ ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ អោយដឹងថា ដំបូងឡើយមុនកើតហេតុ ជនរងគ្រោះបានទៅឈរនៅចំណុចកើតហេតុតែម្នាក់ឯង ។ ភ្លាមនោះស្រាប់តែលិចមុខ ជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ ជិះរថយន្តម៉ាកឡង់គ្រីសស័រ ពណ៌ស មិនចាំស្លាកលេខមួយគ្រឿង បានបើកទៅឈប់ក្បែរជនរងគ្រោះ រួចធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ស្រោចលើជនរងគ្រោះចំនួន៣គ្រាប់ បណ្តាលអោយដួលសន្លប់រងរបួសធ្ងន់ ហើយក្រុមខ្មាន់កាំភ្លើង បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចម្រុះ បានចុះដល់ទីតាំងខាងលើ នឹងបានទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយអោយទទួលយកជនរងគ្រោះបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ចូនដល់មន្ទីរពេទ្យ ។ ក្រោយការស្លាប់ សពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច្ច័យពិនិត្យ ។

ក្នុងនោះដែរ គេក៏សង្គេតឃើញមានវត្តមានរបស់ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកនគរបាលដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមមន្ត្រីនគរបាលជំនាញ ចុះពិនិត្យ ភស្តុងតាង និងវត្ថុតាងជុំវិញទីតាំងកើតហេតុ ដើម្បីបន្តសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងនគរបាលពាក់ព័ន្ធ ក្នុងការបើកការស្រាវជ្រាវបន្តនៅពេលខាងមុខ ដើម្បីឈានទៅចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងដែលបាញ់ប្រហារមិនញញើតដៃ យកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ជុំវិញអំពើបាញ់ប្រហារដ៏សាហាវខាងលើនេះ គេនៅមិនទាន់ដឹងថា ជាការបាញ់សម្លាប់ ដោយផ្តើមចេញពីករណីអ្វីអោយប្រាកដនៅឡើយនោះទេ ប៉ុន្តែជាជំហានដំបូង សមត្ថកិច្ចដាក់ការសង្ស័យថា អាចជាករណីគំនុំ ៕

អត្ថបទដែលជាប់ទាក់ទង