ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី និង អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិបើកយុទ្ធនាការសំអាតទន្លេ តាម រយៈទិវាធ្វើអំពើល្អ

117

 

ភ្នំពេញ៖នាល្ងាចថ្ងៃអាទិត្យទី២៥ធ្នូ២០២២នេះរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ អង្គការសំអាត ទន្លេ សមុទ្រ និង ក្រសួង ស្ថាប័នពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២៥ខែធ្នូនេះ បានរួមគ្នារៀបចំទិវាអំពើល្អ(Good Deeds Day) ដើម្បីបើកយុទ្ធនាការ លើកកម្ពស់និងបណ្តុះស្មារតីប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមប្រលែងត្រី បង្កើនទិន្នផលត្រី ដែលឈានទៅរកសន្តិសុខស្បៀងអាហារ និង ចូលរួមសំអាតទន្លេ ដាំដើមឈើ ព្រមទាំងបង្កើនវប្បធម៌ចែករំលែកនិងចេះជួយគ្នា។

វេទិការដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅមាត់ទន្លេខាងមុខផ្សាររាត្រី ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរងតំណាងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ ដោយមានការចូលរួមពីលោក លោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរយនាក់។

នៅក្នុងពេលបើកយុទ្ធនាការនេះ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសំអាតទន្លេ សមុទ្រ ដែលបានធ្វើសកម្មភាពដើម្បីបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន បង្កើនធនធានមច្ឆាជាតិ ចេះស្រលាញ់និងជួយគ្នាទៅវិញទៅមក។
ឯកឧត្តមអភិបាលរងបាន រំលឹកថា ប្រទេសជាតិធ្លាប់ទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមស៊ីវិល ពិសេស រាជធានីភ្នំពេញដែលកាលនោះធ្លាប់ត្រូវបានគេផ្តល់ឈ្មោះឱ្យថាជាទីក្រុងខ្មោច ក្នុងសម័យអតីតកាល ប៉ុន្តែបច្ចុប្បន្ន បានប្រែក្លាយទៅជាទីក្រុងដ៏ស្រស់ឆើតឆាយ មានការអភិវឌ្ឍ ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ជាទីតាំងសេដ្ឋកិច្ច ជាទីតាំងវិនិយោគ ជាទីតាំងការទូត និងជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ពិភពលោក។
លោកហួត ហៃ បញ្ជាក់ថា៖កម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ កម្ពុជាជាប្រទេសស្មើមុខស្មើមាត់ ទទួលបាននូវទំនុកចិត្តពីសំណាក់សហគមន៍អន្តរជាតិ ជាក់ស្ដែង ការរៀបចំព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលទើបបានបញ្ចប់ថ្មីៗកន្លងទៅនេះ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្ពុជាបានបង្ហាញកាន់តែច្បាស់ទៅកាន់សកលលោក ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាព នៃការរៀបចំកិច្ចប្រជុំខ្នាតអន្តរជាតិ បានយ៉ាងល្អ រួមទាំងផ្នែកបដិសណ្ឋារកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណទីក្រុង និង អនាម័យបរិស្ថាន។

ក្នុងនោះដែរឯកឧត្តមអភិបាលរងបានធ្វើការគាំទ្រ ចំពោះអង្គការសំអាតទន្លេ សមុទ្រ ដែលកន្លងទៅបានសហការរៀបចំនូវព្រឹត្តិការណ៍ជួបជុំ និងយុទ្ធនាការ រួមគ្នាដែលមានការសហការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ដៃគូរអន្តរជាតិ និងសហគមន៍ ក្នុងការចូលរួមថែរក្សា អនាម័យ បរិស្ថាន ពិសេសការសំអាត់ដងទន្លេរបស់យើង ដែលជាស្មារតីនៃការចូលរួមអភិរក្សធនធានធម្មជាតិ និងការចូលរួមថែរក្សាសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទិវាអំពើល្អ (Good Deeds Day) នាពេលនេះ បានចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈការចែករំលែក នូវអំពើល្អ ការរួមគ្នាធ្វើយុទ្ធនាការថែរក្សាធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន។
ជាមួយគ្នានោះដែរលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្របានលើកឡើងថា តាមរយៈទិវាអំពើល្អនៅថ្ងៃនេះ អង្គការសម្អាតទន្លេនិងសមុទ្រ បានចូលរួមព្រលែងត្រីពូជនិងត្រីចម្រុះជាច្រើនម៉ឺនក្បាលប៉ុន្តែប៉ុណ្ណោះក៏បានបើកយុទ្ធនាការសំអាតទន្លេរបស់យើងឲ្យបានស្អាតល្អ ដើម្បីបំពេញតួនាទីជាបេះដូងរបស់ប្រទេស និងលើកកម្ពស់សោភ័ណភាពរាជធានី ដើម្បីទាក់ទាញវិនិយោគនិងទេសចរណ៍មកវិនិយោគ និងទស្សនាកំសាន្តឲ្យបានកាន់តែច្រើនថែមទៀត។ ក្រៅពីនេះ ក៏មានការចែកជូន សៀវភៅចាស់ៗ ដែលគេលែងប្រើនិងសំលៀកបំពាក់ចាស់ៗមួយចំនួន សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតយកទៅប្រើប្រាស់ ពិសេសកាត់បន្ថយការបង្កើនសម្រាមដែលនាំឲ្យមានផលប៉ះពាល់ដល់បរិស្ថានពោលគឺយើងអាចប្រើប្រាស់នូវរបស់ចាស់ៗទាំងនោះឲ្យអស់លទ្ធភាពកាត់បន្ថយការបង្កើនសំរាមក្នុងរាជធានីភ្នំពេញរបស់យើង”រួមគ្នាការធនធានមច្ឆជាតិ និងរួមគ្នាស្រលាញ់បរិស្ថាន”៕

អត្ថបទដែលជាប់ទាក់ទង