ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី អរគុណចំពោះអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារដែលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩

111

 

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសឲ្យដំណើរការជាប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។

ការកោតសរសើរបែបនេះ របស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ខណៈលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងតំណាក់កាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញទាំង បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដោយមិនខ្វល់ថា ជាពេលយប់ឬថ្ងៃឡើយ សំខាន់ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជម្ងឺដ៏កាចសាហាវនេះ ។ អ្វីដែលជាការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ពីសំណាក់អាជ្ញាធរ និងគណៈកម្មការផ្សារនេះ ទើបធ្វើឲ្យយើងអាចបើកសេដ្ឋកិច្ចប្រទេសឲ្យដំណើរការជាប្រក្រតីឡើងវិញ។

គួរបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញ មានចំនួន២៥ផ្សារ ហើយក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ គណៈកម្មការផ្សារបានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ ៕

អត្ថបទដែលជាប់ទាក់ទង