ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបាត់បង់ជិវិតកើនជិត២០នាក់ និងរបួសជិត១០០នាក់ខណៈ ក្រុមសង្គ្រោះ កំពុងរុករកជនរងគ្រោះបន្ថែមទៀត

107

(បន្ទាយមានជ័យ)៖ របាយការណ៍ក្រុមសង្គ្រោះដែល បណ្ដាញព័ត៌មាន ទទួលបាននៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា អ្នកបាត់បង់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសធ្ងន់ស្រាលជិត១០០នាក់។

សេចក្ដីរាយការណ៍ពីទីតាំងសង្គ្រោះ បានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងប្រតិបត្តិការរុករកជនរងគ្រោះ មិនទាន់បិទបញ្ចប់នៅឡើយទេ ពោលកំពុងតែបន្ដស្រាវជ្រាវរុករក ពីបន្ទប់មួយទៅបន្ទប់មួយ ពីជាន់មួយ ទៅជាន់មួយ បើទោះបីស្ថានភាពលំបាកងងឹង ហប់ខ្យល់យ៉ាងណាក្ដី តែក្រុមសង្គ្រោះកំពុងសស្រាក់សស្រាំក្នុងប្រតិបត្តិការសង្គ្រោះដដែល។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជិវិតនិងរបួសមានទាំងជនជាតិខ្មែរ និងភាគច្រើនជនជាតិថៃ។ ក្នុងនោះជនរងគ្រោះខ្លះបាត់បង់ជិវិតនៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត បាត់បង់ជិវិតនៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។

សេចក្ដីរាយការណ៍បានបន្ថែមទៀតថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង