កម្ពុជាកំណត់យកថ្ងៃសមរាត្រី ដើម្បីរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា មុនពិធីរត់ភ្លើងគប់កាត់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍
ភ្នំពេញ៖ កម្ពុជានឹងរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយបានកំណត់យកថ្ងៃ សមរាត្រី ឬ Equinox ដែលជាថ្ងៃ ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ពោលគឺនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដើម្បីរៀបចំព្រះរាជពិធីនេះ មុនឈានដល់ពិធីរត់ភ្លើងគប់តាមបណ្ដាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ រហូតដល់ថ្ងៃប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ នាថ្ងៃទី០៥ ខែឧសភាខាងមុខ ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះ បានផ្ដោតលើរបៀបវារៈសំខាន់ៗពីរ ទី១-ការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា និងទី២-ការរៀបចំតុបតែង និងផ្សាព្វផ្សាយឆ្ពោះទៅស៊ីហ្គេម ។
លោកថា ដោយស៊ីហ្គេមនៅកម្ពុជា ខិតជិតមកដល់ ទើបគណៈអចិន្ដ្រៃយ៍ CAMSOC បានលើកយកប្រធានបទ ស្ដីពីការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡាមកជជែក ដើម្បីលម្អិត និងកំណត់ឲ្យបានច្បាស់លាស់ បន្ទាប់ពីលិខិត និងឯកសារនានា ត្រូវបានសម្របសម្រួល និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយនឹងមានការស្នើសុំព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីព្រះរាជទាននូវព្រះអគ្គីកីឡា ដែលនឹងត្រូវរៀបចំនាថ្ងៃទី២១ ខែមីនា ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបន្ដថា «យើងនឹងធ្វើការងារនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីការរៀបចំផែនការរបស់យើង ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលបានផ្ដល់នូវអនុសាសន៍ណែនាំ គឺត្រូវរៀបចំអ្វីៗឲ្យរួចស្រេច និងមានយន្ដការច្បាស់លាស់ ក៏ដូចជាមានការគាំទ្រពីអាជ្ញាធររាជធានី-ខេត្ត និងបណ្ដាប្រទេសផ្សេងៗទៀត ដែលភ្លើងគប់នឹងត្រូវរត់ឆ្លងកាត់ ក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិកីឡា» ។
ដោយឡែកពាក់ព័ន្ធនឹងការរៀបចំតុបតែងលម្អ និងផ្ទាំងផ្សព្វផ្សាយតាមទីសាធារណៈពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា រហូតដល់ខែមីនា និងបន្ដបន្ទាប់ទៀត ក្នុងការរៀបចំតុបតែង ទាំងក្នុង និងក្រៅទីលាន ព្រមទាំងទីធ្លាសាធារណៈផ្សេងៗ ដើម្បីបំផុសចលនាផ្សព្វផ្សាយ ដែលរាជធានី និងខេត្តជាប់ពាក់ព័ន្ធទាំងអស់ ក៏ត្រូវធ្វើការរៀបចំតុបតែងនេះដែរ ។
លោក វ៉ាត់ ចំរើន បន្ដថា «អ៊ីចឹងការងារនេះ គឺយើងធ្វើបានល្អ យើងរៀបចំបានហ្មត់ចត់អស់ហើយ ។ ទីតាំងនីមួយៗ ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានកិច្ចប្រជុំ បានបញ្ជាក់ហើយបញ្ជាក់ទៀត ទៅលើការងារខ្វះខាត ។ អ្វីដែលយើងបានទទួលនៅថ្ងៃនេះ គឺ ២ប្រធានបទនេះ មានសំខាន់ និងមានវឌ្ឍនភាពល្អ ជាមោទនភាពមួយ ដែលអាចថា មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលត្រូវរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺកម្ពុជា ពិតជារួចរាល់ក្នុងការត្រៀមទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ» ។
គួរដឹងថា គិតត្រឹមថ្ងៃទី០៣ ខែមករានេះ កម្ពុជានៅសល់ពេល ១២២ថ្ងៃប៉ុណ្ណោះ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ ថ្ងៃទី០៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ៕