រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ អាពាហ៍ពិពាហ៍ខួប ៤៧ ឆ្នាំ របស់ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរសូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា នៃចំណងអាពាហ៍ពិពាហ៍ខួប ៤៧ ឆ្នាំ របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប៊ុនសន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី រាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវ អំណរសាទរ និងសូមគោរពចូលរួមជូននូវសព្ទសាធុការពរជ័យ ដោយស្មោះអស់ពីដូងចិត្ត។
ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ជាអមតៈរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ទោះបីត្រូវបានចាប់ផ្ដើមឡើងក្នុងគ្រាដ៏សែនកម្សត់ ដែលពោរពេញទៅដោយការលះបង់ខ្ពស់បំផុត ប៉ុន្ត ក្រោមគំរូវីរភាពដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិត សម្ដេចទាំងទ្វេ បាននាំយកមាតុភូមិកម្ពុជា ឱ្យទទួលបាននូវ “សន្តិភាព” ពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការបន្តស្រោចស្រង់អាយុជីវិតប្រជាជន កម្ពុជាពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ ជាពិសេសការស្តារកិត្តិយស និងកិត្យានុភាពកម្ពុជា ឱ្យកាន់តែមានភាពល្បីរន្ទឺ សុះសាយជាបន្តបន្ទាប់ទៅក្នុងតំបន់ និងពិភពលោក ហើយយុវជន-យុវនារីជំនាន់បច្ចុប្បន្ន កាន់តែមានភ័ព្វសំណាងខ្ពស់ មិនដូចយុវជន-យុវនារីរៀមច្បងជំនាន់អតីតកាលឡើយ។
នាទិវាដ៏មហាមង្គលសួស្ដីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៍ពិពាហ៍របស់ សម្តេចទាំងទ្វេ កាន់តែផ្អែមល្ហែមត្រជាក់ត្រជំដូចទឹកអម្រឹត នឹងសូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍។
សូម សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រនិងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕