ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ចេញសេចក្តីបំភ្លឺអំពីការចុះស្រាវជ្រាវលើករណីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ

195

 

ភ្នំពេញ ៖ លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺ អំពីការចុះស្រាវជ្រាវលើករណីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ។

លោកបានរៀបរាប់ថា កន្លងមកនេះ ខ្ញុំបាទ សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានដែលបានផ្សព្វផ្សាយ លើបណ្តាញសង្គម និងចុះផ្សាយលើបណ្តាញសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តការងាររបស់ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់ដូចខាងក្រោម៖

១៖ ការប្រើប្រាស់ថវិកាគ្រូបង្រៀនពីរថ្នាក់ ពីរពេល ថ្នាក់គួប បានដាក់សាច់ញាតិ បងប្អូន មិត្តភក្តិ ដែលមានថវិកាចំនួន ២០២.៨៩៥.០០០ រៀល (ពីររយពីរលាន ប្រាំបីរយកៅសិបប្រាំពាន់រៀលគត់)។

២៖ ការកាត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកមេមត់ នៅខែមករា ឆ្នាំ២០២២ ចំនួន៩៥នាក់ ដែលមានទឹកប្រាក់សរុបចំនួន ៩៦.៨៣៧.២៥០ រៀល (កៅសិបប្រាំមួយលាន ប្រាំបីរយសាមសិបប្រាំពីរពាន់ ពីររយហាសិបរៀលគត់)។

៣៖ គ្រូបង្រៀនថ្នាក់គួបចំនួន ៧នាក់ និងគ្រូបង្រៀនពីរថ្នាក់ ពីរពេល ចំនួន ៦នាក់ សរុប ១៣នាក់ ដែលទទួលប្រាក់ឧបត្ថម្ភពុំគ្រប់ខែដែលបានបង្រៀន។

ករណីខាងលើនេះ ខ្ញុំបាទ និងក្រុមការងារថ្នាក់ខេត្តបានចុះធ្វើការសិក្សាស្រាវជ្រាវ ត្រួតពិនិត្យ ឃើញថា ការអនុវត្តការងាររបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ អំពីបញ្ហាខាងលើ គឺដើម្បីរក្សាប្រសិទ្ធភាព និងនិរន្តរភាពការងារតាមសាលារៀនក្នុងខេត្តត្បូងឃ្មុំតែប៉ុណ្ណោះ ជាពិសេសក្នុងគោលបំណងពង្រឹងបន្ថែមលើការបង្រៀននៅកម្រិតមតេ្តយ្យសិក្សា និងបឋមសិក្សា។ ជាក់ស្តែងថវិកាទាំងអស់ដែលបានលើកឡើង គឺជាថវិកាដែលបានបង្វែរចូលគណនីមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំរួចរាល់ ដើម្បីទុកជាថវិការដ្ឋសម្រាប់ប្រើប្រាស់នៅឆ្នាំសិក្សាបន្តបន្ទាប់។

ឆ្លើយតបទៅនឹងបញ្ហាខាងលើ ខ្ញុំបាទសូមបញ្ជាក់បន្ថែមថា ការអនុវត្តការងាររបស់ លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡា គឺមិនធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំនោះទេ ប៉ុន្តែធ្វើឡើងក្នុងគោលបំណងរក្សាផលប្រយោជន៍រួមរបស់អង្គភាព រក្សាថវិការដ្ឋឱ្យបានល្អ និងប្រើប្រាស់ចំគោលដៅ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅតាមបណ្តាសាលារៀនក្នុងខេត្តត្បូងឃ្មុំ ពិសេសនៅកម្រិតមតេ្តយ្យសិក្សា និងកំរិតបឋមសិក្សា»៕

អត្ថបទដែលជាប់ទាក់ទង