ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា​ កម្ពស់១០៨ម៉ែត្រ​ នៅលើខ្នងភ្នំបូកគោ​

215

 

កំពត៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣​ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញ​ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា​ កម្ពស់១០៨ម៉ែត្រ​ នៅលើខ្នងភ្នំបូកគោ​ ក្នុងឧទ្យានជាតិព្រះមុនីវង្ស​ “បូកគោ”​ស្ថិតនៅក្រុងបូកគោ​ ខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមានប្រសាសន៍ថាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនយោបាយនិងមានការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេសក៏ដូចជាក្នុងខេត្តកំពតមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនសម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ដោយឡែកចំពោះការបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកំពស់១០៨ ម៉ែត្រនៅលើខ្នងភ្នំបូកគោនាពេលនេះគឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងខេត្តកំពតក្នុងការរួមចំណែកលើកកម្ពស់ការប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតផងដែរ។

លោកជំទាវឧកញ៉ាសុខចន្ថា តំណាងក្រុមហ៊ុនសុខាអូតែល បានឱ្យដឹងថា ដោយពិនិត្យឃើញថាមានបណ្ដាប្រទេសជាច្រើន នៅលើពិភពលោកជាពិសេសប្រទេសកាន់ព្រះពុទ្ធសាសនា បានសាងសង់ព្រះពុទ្ធរូបធំៗដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ និងជាទីសក្ការៈប្រកបដោយភាពទាក់ទាញតាមរចនាបទប្រទេសនីមួយៗនោះ ដូច្នេះហើយទើបក្រុមហ៊ុនសុខាអូតែល មានគំនិតផ្ដួចផ្ដើមសាងសង់ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនៅលើខ្នងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជនប្រតិបត្តិធម៌និងឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿងជានិច្ចនិរន្តតរៀងទៅសម្រាប់ប្រជាពលរដ្ឋនិងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ គម្រោងសាងសង់ព្រះពុទ្ធបដិមានេះត្រូវបានធ្វើការសិក្សានិងសាងសង់ស្ថាបត្យកម្មដោយយុវស្ថាបត្យករជាកុលបុត្រកុលធីតាខ្មែរមួយក្រុមដោយមានការផ្ដល់យោបល់បន្ថែមពីក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថាននិងចូលរួមដោយក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពត។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹកនិងពរជ័យពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេននិងជូនចំពោះព្រះមន្ត្រីសង្ឃ មន្ត្រីរាជការនិងប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍន៍នៅលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់លើវិស័យជំនឿសាសនាដែលជាវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរជាយូរលង់ណាស់មកហើយដោយបានបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រមានលក្ខណៈស្របតាមក្បួនខ្នាតទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធបដិមានេះមានទំហំធំនិងកម្ពស់ខ្ពស់ជាងគេ នៅព្រះរាជាណាចក្រកម្ពុជា និងស្ថិតនៅក្នុងចំណោមព្រះពុទ្ធបដិមាដែលមានកម្ពស់ខ្ពស់ៗ នៅបណ្ដាប្រទេសក្នុងពិភពលោកផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថាក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលបានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនដូចជា៖
១. ធានាបានស្ថេរភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គម នាំមកនូវការអភិវឌ្ឍន៍ពិសេសនៅក្នុងដំណាក់កាលកូវីដ១៩
២. ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
៣. ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន

៤. ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើពិភពលោក
៥. គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េជ្រោយចង្វារអរិយក្សត្រ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុនិងបណ្ដាការដ្ឋានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទស្ពានធំៗរួមទាំងសំណង់ប្រព័ន្ធស្រោចស្រពខ្សែបណ្ដាញអគ្គិសនីនៅទូទាំងប្រទេស

៦. កំណើនសេដ្ឋកិច្ចប៉ាន់ស្មានប្រមាណ ៥ភាគរយ នៅឆ្នាំ២០២២។ ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែលដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោនិងបានផ្ដួចផ្ដើមគំនិតសាងសង់ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយ នៅព្រះរាជាណាចក្រកម្ពុជា និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង