រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើអគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ»
ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតមួយច្បាប់ស្នើសុំដល់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សំណើសុំផ្ដល់កិច្ចអន្តរាគមន៍ ចាត់វិធានការទប់ស្កាត់ បណ្ដាញប្រព័ន្ធព័ត៌មានសង្គមដែលបាន យកបទចម្រៀងអមដោយរូបភាព ក្រោមចំណង «ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយ ។
បទចម្រៀងបែបរ៉េប មានចំណងជើងថា«ឈាមបាតុករ»កំពុង នឹងត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសពីសំណាក់អង្គការ និងក្រុមមនុស្សមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។
លោកជំទាវ ភឿង សកុណា បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ជ្រាបថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញ ក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួន បានយកបទចម្រៀងអមដោយ រូបភាពក្រោមចំណងជើងថា “ឈាមបាតុករ» ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ ស ណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀង ឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួង មហាផ្ទៃចាត់វិធានការបិទ និង ផ្តន្ទាទោសម្តងរួចហើយមកផ្សព្វផ្សាយជាថ្មីឡើងវិញ។
លោកជំទាវរដ្ឋមន្រ្តី បានបន្តថា “អាស្រ័យហេតុនេះ ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់ នេះ ខ្ញុំសូម ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត មេត្តាពិនិត្យចាត់វិធានការនានាតាមនីតិវិធីច្បាប់ដែលមានជាធរមានដោយអនុគ្រោះ”៕